សុខ​ ធី ថា អ្នក​គាំទ្រ​ខ្មែរ​ខុស​ពី​ថៃ​ នៅ​ថៃ​បើ​គេ​បិទ​លេង​លុយ​លែង​មាន​អ្នក​មើល​ប្រដាល់​ហើយ

​ជើង​ខ្លាំងគុនខ្មែរ​ សុខ ​ធី​ ហៅ កាកា បាននិយាយថា​៖ ចំពោះ​អ្នក​គាំទ្រ​កម្ពុជា​គឺ​ល្អ​ និង​មាន​ចំនួន​ច្រើន​ ខុស​ពី​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ ប្រសិន​បើ​ខាង​ប្រទេស​ថៃ​គេ​បិទ​លែងឲ្យ​លេង​លុយ​ (ភ្នាល់​លុយ)​ អាច​នឹង​លែង​មាន​អ្នក​ចូល​មើល​ប្រដាល់​ដូច​គ្នា ហើយកម្ពុជា​មាន​អ្នក​គាំទ្រ​ប្រដាល់​ច្រើន​ និង​ចូលចិត្ត​ទៅទស្សនា​ផ្ទាល់ អាច​និយាយ​ថា ​គាំទ្រ​ចេញ​ពី​បេះដូង ខុស​ពី​ខាង​ប្រទេស​ថៃ​ អ្នក​គាំទ្រ​ភាគ​ច្រើន​គឺ​ទៅ​លេង​លុយ​។

ពិតណាស់ ពាក់ព័ន្ធ​និង​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​វិញ កីឡាករមាន​ដើម​កំណើតមក​ពី​ខេត្ត​បន្ទាយមានជ័យ រូបនេះ​បាន​បញ្ជាក់​ថា៖​ បច្ចុប្បន្ន​កីឡាករ​កម្ពុជាគឺ​ល្អ​ហើយ​ ប៉ុន្តែ​ភាគច្រើនគឺ​ប្រកួត​នៅតែ​ក្នុង​ប្រទេស ប្រសិន​បើ​ចេញ​ទៅ​ប្រកួត​នៅ​បរទេស​បាន​ច្រើន​នោះ​រឹតតែ​ល្បី​ និង​មាន​គេស្គាល់​ច្រើនជាង​នេះ​ទៅ​ទៀត។​

គួរបញ្ជាក់ផង​ដែរ​ថា​ សុខ​ ធី​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ ហើយរូប​គេ​ធំធាត់​ និង​ប្រឡូក​ប្រដាល់​ជា​យូរឆ្នាំ​មកហើយ​ក្នុង​ប្រទេស​ថៃ ដោយបច្ចុប្បន្ន​នេះ​ សុខ​ ធី​ បាន​វិល​កម្ពុជា​វិញ​​ជា​មួយ​ភរិយា​ និង​កូន​ប្រុស ​ដោយ​កំពុង​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​ Kun Khmer International Fight Gym (KKIF) របស់​លោក​ឧកញ៉ា ស្រី ចាន់ថន​ ហើយថ្ងៃអាទិត្យ​ ទី២២​ ខែ​តុលា​ ឆ្នាំ​២០២៣​ នេះ ​រូប​គេ​នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​នៅ​សង្វៀន​ Town​ ទៀតផង៕​

May be an image of 2 people and text

អត្ថបទដែលជាប់ទាក់ទង