គួរឲ្យសរសើរមែន! ធឿន ធារ៉ា វ៉ៃដោយទំនុកចិត្ត បានផ្តួល អាប៊ូហ្វាហ្ស៊ីល សន្លប់ធំនៅក្នុងទឹកទី២

អ្នកលេងពូថៅដៃ ធឿន ធារ៉ា បាន​ប្រើ​ពេល​ត្រឹម​តែ​ ២​ទឹក​ប៉ុណ្ណោះ​ ដើម្បី​ផ្តួល​​កីឡាករ​អុីរ៉ង់ អាប៊ូហ្វាហ្ស៊ីល ហ្គូដាហ្ស៊ី ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​២ នៅ​កម្មវិធី​ប្រកួត​គូបូតា យប់​ថ្ងៃ​សុក្រ ទី​២០ ខែ​តុលា ឆ្នាំ​២០២៣ នៅសង្វៀន​បាយ័ន ស្ទឹងមានជ័យ។

ពិតណាស់ ការ​ប្រកួត​នេះ ធឿន ធារ៉ា ពិត​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់ ​ដោយ​បាន​ដើរ​ចូល​វ៉ៃ និង​ចេញ​អាវុធ​​មួយ​ដៃៗ ច្បាស់ៗ និង​មិន​ខ្លាច​ញញើត​ដៃ​គូ​ឡើយ សូម្បី​​តែការ​ប្រកួត​មុន​ៗ​ក៏​រូប​គេ​បង្ហាញ​សមត្ថភាព​យ៉ាងល្អ​ទាំង​បច្ចេកទេស និង​ស្មារតី​ប្រយុទ្ធ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រដែរ។

យ៉ាងណាមិញ មហាព្រឹត្តិការណ៍គុនខ្មែរ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឃើញបងប្អូនបានចុចឈ្មោះបន្ថែមស្នើសុំឲ្យមានជំនួប ធឿន ធារ៉ា និង Ricardo Bravo ម្ដងទៀត ខណៈ ធឿន ធារ៉ា ធ្លាប់បានចាញ់កីឡាកររូបនេះ សន្លប់នៅប្រទេសជប៉ុន ស្របពេលថ្មីៗនេះ ធារ៉ា កំពុងឡើងជើងខ្លាំងមិនធម្មតា។

គួរបញ្ជាក់ផងដែរថា ​កាលពីថ្ងៃ​សុក្រ ទី​២០ ខែ​តុលា ឆ្នាំ​២០២៣ នៅសង្វៀន​បាយ័ន ស្ទឹងមានជ័យ ធឿន ធារ៉ា បានផ្តួល កីឡាករ​អុីរ៉ង់ អាប៊ូហ្វាហ្ស៊ីល ហ្គូដាហ្ស៊ី ក្នុង​ទឹក​ទី​២ នៅ​កម្មវិធី​ប្រកួត​គូបូតា៕

អត្ថបទដែលជាប់ទាក់ទង