អ្នកប្រដាល់ ៤រូបដែលខ្លាចាស់ នួន សូរិយា សរសើរវាយក្បាច់ល្អជាងគេនៅកម្ពុជា
អតីតជើងខ្លាំងអ្នកប្រដាល់លោក នួន សូរិយា បានសរសើរកីឡាករប្រដាល់ទម្ងន់មធ្យម ៤រូបដែលមានក្បាច់វាយពោរពេញទៅដោយបច្ចេកទេស និងប្រើប្រាជ្ញាច្រើនក្នុងការប្រកួត ហើយកីឡាករប្រដាល់គុនខ្មែរទាំង ៤រូបនោះ រួមមាន៖ ប៉ឺត សង្ឃឹម ឈុត សេរីវ៉ាន់ថង ឃីម បូរ៉ា និង សុខ ធី (កាកា)។
ដោយលោក នួន សូរិយា បានលើកឡើងថា៖ ប៉ឺត សង្ឃឹម ជាកីឡាករវាយឆ្លាត ពោរពេញទៅដោយបច្ចេកទេសដែលស្ទើរតែគ្មានកីឡាករណាផ្សេងដូច ហើយរូបគេមានជំនាញទាំងគុនខ្មែរ និងឃីកបុកស៊ីង ដូច្នេះហើយបានជារូបគេបានឈ្នះមេដាយមាសស៊ីហ្គេមលើជំនាញឃីកបុកស៊ីង ២សម័យកាលជាប់ៗគ្នា។
ពិតណាស់ លោកក៏បាននិយាយទៀតថា៖ ឈុត សេរីវ៉ាន់ថង មានបច្ចេកទេស និងប្រាជ្ញានៅលើសង្វៀន រូបគេពិតជាកីឡាករដ៏ល្អម្នាក់ដែលចូល និងចេញបានល្អ ហើយចំណែក ឃីម បូរ៉ា វិញមានបច្ចេកទេសវាយល្អ និងប្រើប្រាជ្ញាច្រើននៅលើសង្វៀន រូបគេមានអាវុធល្អទាំងព្រម ប៉ុន្តែស្ទើរកម្លាំង និងអាវុធមិនសូវមានទម្ងន់ ដោយ បូរ៉ា ប្រហែលជាមានបញ្ហាសុខភាព ដូច្នេះរូបគេមិនអាចហ្វឹកហាត់ឲ្យលើសកម្រិតបានទេ។
លោក នួន សូរិយា បានបន្តថា៖ សុខ ធី ហៅ កាកា ជាកីឡាករដែលប្រើបច្ចេកទេស និងប្រាជ្ញាក្នុងការប្រកួតច្រើនជាងកម្លាំងបាយ ប្រសិនបើដៃគូបុកចូល រូបគេនឹងវាយថយ ប៉ុន្តែបើដៃគូថយក្រោយ រូបគេនឹងវាយបុកវិញ ហើយ សុខ ធី ជាកីឡាករអាជីពដែលពិចារណាវែងឆ្ងាយរាល់ពេលនៅលើសង្វៀន ដោយសាររូបគេពឹងលើអាជីពប្រដាល់ ដើម្បីចិញ្ចឹមគ្រួសារ ដូច្នេះរូបគេមិនមែនចេះតែវាយបុកផ្តេសផ្តាសនោះទេ ហើយរូបគេគិតពីសុខភាព និងសុវត្ថិភាពកាយសម្បទាដើម្បីអាជីពវែងឆ្ងាយនេះផងដែរ។
គួរបញ្ជាក់ថា កីឡាករទាំង ៤រូប ដែលមានទម្ងន់ចន្លោះពី ៥៧ទៅ៦០គីឡូក្រាម គឺជាអ្នកប្រដាល់ដែលមានកេរ្តិ៍ឈ្មោះល្អ និងជោគជ័យក្នុងអាជីព ដោយ ប៉ឺត សង្ឃឹម ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា សុទ្ធតែឈ្នះមេដាយមាសស៊ីហ្គេមជូនជាតិ ខណៈ សុខ ធី សាងកេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិ ជាពិសេសនៅសង្វៀន ONE Championship និងសង្វៀននៅប្រទេសថៃ៕