មួយរយ:ពេលចុងក្រោយនេះ ព្រំ សំណាង បង្ហាញ​ការ​ហ្វឹកហាត់សកម្មជាមួយគ្រូ ១០រូប តែមើលទៅ Leduc ហាក់ស្ងប់ស្ងាត់ឈឹង

មួយរយ:នេះ ព្រំ សំណាង បង្ហាញ​សកម្មហ្វឹកហាត់ជាមួយគ្រូ ១០រូប តែមើលទៅស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc ហាក់​មិន​បង្ហាញ​សកម្មភាព​ហ្វឹក​ហាត់​អ្វី​​គួរ​ឲ្យ​កត់​សំគាល់​នោះទេ​ ក្រៅ​ពី​ការ​បង្ហោះ​​ខិត្តប័ណ្ណ​ផ្សព្វផ្សាយពី​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ជា​មួយ​អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង ប៉ុណ្ណោះ។

ពិតណាស់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ​ឆ្នាំ២០២៣ កន្លងទៅគ្រូ​ធំ និង​គ្រូ​ជំនួយ​​ទាំង​ ១០​រូប ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្លិប​​ហ្វឹក​ហាត់​​​​ក្នុង​​ផ្សារ​ទំនើប​អូឡាំព្យា ដោយពួក​គាត់​បាន​ទស្សនា​ និង​វិភាគ​វីដេអូ​ប្រកួត​របស់ Dave Leduc ​ដោយ​គ្រូ​​ម្នាក់​ៗ​ចាប់​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​អ្នកប្រដាល់មីយ៉ាន់ម៉ា​ ដើម្បី​ត្រៀម​​ក្បាច់​​វ៉ៃ និង​ការពារ ជា​ពិសេស​នោះមាន​វីដេអូ​ឃ្លីប​​ខ្លះ​ត្រូវ​បាន​​បង្ហាញ​ជា​សាធារណៈ​ ដែល​ឃើញ​លោក​គ្រូ នួន ភារម្យ និង​លោក​គ្រូ អេ ភូថង បង្ហាញ​ស្នៀត​ពិសេស​ៗ​ដល់​ ព្រំ សំណាង ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ណាស់។

យ៉ាងណាមិញ ងាក​ទៅ​មើល​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc ​ហាក់​មិន​​បង្ហាញ​សកម្មភាព​​​ហ្វឹក​ហាត់​ឡើយ ដោយមួយ​រយៈ​ពេល​ចុង​ក្រោយមកនេះ ​កីឡាករ​មីយ៉ាន់ម៉ា ​Dave Leduc តែង​តែ​មាន​សង្គ្រាម​ពាក្យ​សំដី​​ជា​មួយ​កីឡាករ​កម្ពុជា​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម សូម្បី​តែ​អ្នក​គាំទ្រ​សួរ ឬ​មានមតិ​តាម​បណ្តាញ​សង្គម​ក៏​រូប​គេ​ឆ្លើយតប​ដែរ។

គួរបញ្ជាក់ផងដែរថា គ្រូ​បង្វឹក​ទាំង​ ១០​រូប​សុទ្ធ​តែ​​ជា​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ និង​ជា​គ្រូ​បង្វឹក​មក​ពី​ក្លិប​ផ្សេង​ៗ​​គ្នា ដោយពួក​គាត់បាន​ជួប​ជុំ​គ្នា​សិក្សា​ វិភាគ​ដៃ​គូ​ប្រកួត ​បង្ហាត់​ស្នៀត​ពិសេស​ៗ​តាម​ជំនាញ​របស់​គ្រូ​បង្វឹក​ម្នាក់​ៗ ការ​ថែម​ទាំ​សុខភាព និង​រាងកាយ​ឲ្យ​បាន​ល្អ​ដិត​ដល់ ដោយ​គ្រូ​បង្វឹក​ទាំង​ ១០​រូបនោះមានដូចជា៖

  • សេន ប៊ុនថេន
  • ពេជ្រ សុផាន់
  • ប៉ឹត ខាំ
  • ឡៅ ស៊ីណាត
  • វង្ស ស៊ីថៃ
  • នួន ភារម្យ
  • អេ ភូថង
  • វ៉ន វីវ៉ា
  • ម៉ាក់ សាមឿន
  • ជា ស្រួច៕

អត្ថបទដែលជាប់ទាក់ទង