Krud Kun Khmer បានដាក់ខ្សែក្រវាត់ចំនួន ៣ ខ្សែ ឲ្យជើងខ្លាំងកម្ពុជា វាយដណ្តើមជាមួយបរទេស…
អ្នកប្រដាល់ជើងខ្លាំងគុនខ្មែរក៏ដូចជាម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា រួមទាំងកីឡាករ យ៉េន ឌីណា ទូច ដេវីត និង ធន់ វណ្ណា ត្រូវបានសង្វៀនប្រដាល់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៣ខ្សែជាមួយអ្នកប្រដាល់បរទេស ក្នុងមហាព្រឹត្តិការណ៍ Krud Kun Khmer ដែលធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ហើយម្ចាស់មេដាយមាស ឃីម ឌីម៉ា រួមទាំងអ្នកប្រយុទ្ធ ធន់ រិទ្ធី និង អ៊ុង វីរៈ ក៏ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ក្នុងពេលជាមួយគ្នានេះផងដែរ។
ពិតណាស់ លោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ ទទក បានអះអាងថា៖ ការប្រកួត Krud Kun Khmer ដែលនឹងចាប់ផ្តើមពីល្ងាចម៉ោង ៦ តទៅ នាថ្ងៃទី២៩ ខែតុលា នេះ វាជាព្រឹត្តិការណ៍ដ៏ធំ ជាលើកទី២ បន្ទាប់ពីការប្រកួត Krud Kun Khmer កាលពីថ្ងៃទី៣ ខែកញ្ញា ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៦ខ្សែ ក្នុងពេលតែមួយ មិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរមួយនេះ។
ក្នុងនោះលោកក៏បាននិយាយថា៖ ”នេះជាព្រឹត្តិការណ៍ធំទី ២ របស់ Krud Kun Khmer ហើយវាក៏ជាលើកដំបូងផងដែរ ដែលយើងបានរៀបចំឲ្យមានការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ចំនួន២ ប្រភេទទម្ងន់ក្នុងពេលតែមួយ ព្រមទាំងមានការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧៣គីឡូក្រាម និងការប្រកួតមិត្តភាពចំនួន ៣គូទៀត ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករមានសមត្ថភាពខ្ពស់ មកប្រកួតគ្នា”។
យ៉ាងណាមិញ នៅក្នុងការប្រកួតដ៏ធំមួយនេះ កីឡាករកម្ពុជា ទូច ដេវីត និង ធន់ វណ្ណា នឹងត្រូវដាក់ឲ្យប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ទម្ងន់ ៦០ គីឡូក្រាម ជាមួយកីឡាករមីយ៉ាន់ម៉ា និងថៃ ចំណែកឯជើងខ្លាំង ឡៅ ចិត្ត្រា និង យ៉េន ឌីណា ត្រូវដាក់ឲ្យប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ទម្ងន់ ៦៥ គីឡូក្រាមជាមួយថៃ និងមីយ៉ាន់ម៉ាដូចគ្នា ហើយសម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឡៅ ចន្ទ្រា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ក្នុងទម្ងន់ ៧៣គីឡូក្រាមជាមួយជើងខ្លាំង Dabmorn Phumpanmoung ដែលថៃម្នាក់នេះ ធ្លាប់បានចាញ់ពិន្ទុជើងខ្លាំងគុនខ្មែរ ព្រំ សំណាង សម្រាប់ការប្រកួតការពារខ្សែក្រវាត់គ្រុឌគុនខ្មែរ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ វិញ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា ត្រូវជួបអ្នកប្រដាល់លេងសក់មកពីបារាំង Seyed Bagher ក្នុងទម្ងន់ ៦០ គីឡូក្រាម រីឯ អ៊ុង វីរៈ ត្រូវជួបខ្លាចាស់របស់ថៃ Sudsakorn ក្នុងទម្ងន់ ៧៥ គីឡូក្រាម ហើយជំនួបរវាងកីឡាករជើងចាស់ទាំង ២ នេះ ត្រូវបានធ្វើឡើងស្របតាមការចង់បានរបស់អ្នកគាំទ្រ ជាពិសេស អ៊ុង វីរៈ ព្រោះ វីរៈ ចង់ជម្រះបញ្ជីចាស់ជាមួយ Sudsakorn ដែលរូបគេធ្លាប់ចាញ់ នៅលើទឹកដីថៃ កាលពីប្រមាណ ១០ ឆ្នាំ មុន ចំណែក ធន់ រិទ្ធី ដែលត្រូវបានគេប្រសិទ្ធនាមថា ជា «អធិរាជអ្នកលេងអំបោះឆៅ» បន្ទាប់ពីរូបគេ បានផ្តួលជើងខ្លាំងរបស់ថៃ Sammy Bengchagmek ឲ្យសន្លប់ត្រឹមទឹកទី២ ដើម្បីឈ្នះបានខ្សែក្រវាត់ កាលពីថ្ងៃទី៣ ខែកញ្ញា នោះ នឹងត្រូវប្រកួតអំបោះឆៅជាមួយអ្នកប្រយុទ្ធមកពីអ៊ីរ៉ង់ Arvin Mehboudi ក្នុងទម្ងន់ ៧៣ គីឡូក្រាម ដែលគេម្នាក់នេះធ្លាប់ឈ្នះពិន្ទុ អ៊ុង វីរៈ សម្រាប់ការប្រកួតបែបគុនខ្មែរ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ។
គួរបញ្ជាក់ផងដែរថា សម្រាប់លក្ខខណ្ឌនៃការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់ ២ប្រភេទទម្ងន់ គឺ ៦៥ គីឡូក្រាម នឹង ៦០ គីឡូក្រាម ត្រូវបានកំណត់រួចហើយ គឺការប្រកួតជម្រុះ តម្រូវឲ្យកីឡាករកម្ពុជា ត្រូវប៉ះកីឡាករបរទេសដូចគ្នា ដោយក្នុងនោះ ទូច ដេវីត ត្រូវជួបមីយ៉ាន់ម៉ា Sow Aye See រីឯ ធន់ វណ្ណា ត្រូវប៉ះថៃ Phanpich R. PiTik ចំណែក ឡៅ ចិត្ត្រា ប្រកួតជាមួយថៃ Noppakao Petchyindee ហើយ យ៉េន ឌីណា ត្រូវជួបមីយ៉ាន់ម៉ា Anasin Pumea៕