មកដល់ទឹកដីកម្ពុជាភ្លាម ដាវ លីឌុច បានស្រែករក ព្រំ សំណាង ភ្លាមៗតែម្ដង

អ្នកប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច​ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាន​ប្រកាស​ស្វែង​រក​​ដៃ​គូ​ប្រកួតរបស់​ខ្លួន​គឺ​កីឡាករ​ ព្រំ សំណាង នៅ​ពេល​បាន​ដល់ប្រទេសកម្ពុជាកាលពីយប់មិញ ស្រប​ពេល​ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះ​កម្ពុជា។

នៅក្នុងនៅកីឡាករ ដាវ លីឌុច ក៏បាននិយាយថា៖ “ខ្ញុំមិនចង់និយាយអ្វីទាំងអស់នៅពេលនេះ តែខ្ញុំចង់សួរថា តើ កីឡាករ ព្រំ សំណាង នៅឯណា..?” ហើយកាលពីម្សិលមិញនេះ កីឡាករ ដាវ លីឌុច ក៏បានបង្ហោះសំណេរលើគណនីផ្លូវការរបស់ខ្លួនថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំង ចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ ព្រំ សំណាង និងខ្ញុំ សន្យាថានឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់ពិភពលោក!”។

ពិតណាស់ វត្តមានរបស់ ដាវ លីឌុច មកដល់ទឹកដីកម្ពុជាត្រូវបានអ្នករៀបចំកម្មវិធីប្រកួត និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករទទួលស្វាគមន៍ និងធ្វើបទសម្ភាសដែលមើលទៅពិតជាផ្តល់ឲ្យកីឡាករមីយ៉ាន់ម៉ារូបនេះទទួលបានភាពកក់ក្តៅ និង​មាន​កិត្តិយស ហើយអ្នកគ្រប់គ្នាដែលបានជួប​កីឡាករ​មីយ៉ាន់ម៉ា​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​ពេលដែលស្តេច​ប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច បានស្រែកខ្លាំងៗនៅចំពោះមុខមនុស្សយ៉ាងច្រើនថា ព្រំ សំណាង នៅឯណា? ព្រំ សំណាង នៅឯណា?

​គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង ព្រំ សំណាង នឹង ដាវ លីឌុច នឹងធ្វើឡើងនាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរពិភពលោក ស្ថានីយទូរទស្សន៍ថោន ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល៕

អត្ថបទដែលជាប់ទាក់ទង