នេះជាមូលហេតុដែល លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធ មិនអាចចូលរួមប្រកួតបាននៅអូស្ត្រាលី…!
កីឡាករប្រដាល់កម្ពុជា ២រូបគឺ លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធ មិនអាចចូលរួមការប្រកួតបាននោះទេ នៅប្រទេសអូស្ត្រាលី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារតែគ្រូពេទ្យនៅទីនោះមិនអនុញ្ញាតឲ្យប្រកួត។
បើតាមការឲ្យដឹងពីលោកគ្រូ ពេជ្រ សុផាន់ ថា៖ ការធ្វើតេស្តសុខភាពនៅអូស្ត្រាលី ថ្លៃ គឺអស់លុយប្រមាណ ១៦៥០ដុល្លារអាមេរិក ក្នុងចំណោមកីឡាករកម្ពុជាទាំង ៥រូប ហើយកីឡាករ ២រូបគឺ លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធ មានបញ្ហាសុខភាពដែលមិនអាចប្រកួតបាន ប្រសិនបើបានទៅដល់អូស្ត្រាលី ច្រើនថ្ងៃមុនប្រហែលជាទម្លាប់នឹងបរិយាសនៅទីនោះ ហើយសុខភាពល្អប្រសើរ ប៉ុន្តែទៅដល់មុនតែ ៤ថ្ងៃ ស្របពេលអាកាសធាតុត្រជាក់ផង។
ពិតណាស់ កីឡាករ លន បញ្ញា ត្រូវបានជំនួសដោយកីឡាករ ម៉ឺន មេឃា កូនប្រុសរបស់លោកគ្រូ អេ ភូថង និងជាបងប្រុសបង្កើតរបស់ អេ អាំម៉ារីន ដើម្បីជួបជាមួយកីឡាករអូស្ត្រាលី Cian Lougheed ដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ទម្ងន់ ៦៥គីឡូក្រាម។
យ៉ាងណាមិញ ម៉ឺន មេឃា ទៅប្រទេសអូស្ត្រាលី គឺដើម្បីជួយដល់ប្អូនប្រុសក្នុងការប្រកួត ហើយស្រាប់ពេលនោះក៏ត្រូវបានជំនួស លន បញ្ញា ឲ្យឡើងប្រកួតតែម្តង ចំណែកការប្រកួតរបស់កីឡាករ ពេជ្រ ប៊ុនសិទ្ធ និងកីឡាករអូស្ត្រាលី Moo Do ត្រូវបានលុបចោល ដោយសារអត់មានអ្នកមកជំនួស។
នេះជាគូប្រកួតរបស់កម្ពុជា៖
- ពេជ្រ សម្បត្តិ ប៉ះ Tum Kitti Patkam ទម្ងន់ ៦០គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- អេ អាំម៉ារីនភូថង ប៉ះ Clinton Corke ទម្ងន់ ៦៦គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- ម៉ឺន មេឃា ប៉ះ Cian Lougheed ទម្ងន់ ៦៥គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- គឿម សុវណ្ណគីម ប៉ះ Fahed Haidar ទម្ងន់ ៥៥គក៕