នៅពេលថ្មីៗនេះ ក្នុងបទសម្ភាសអន្តរជាតិមួយ លីឌុច បានប្រាប់ថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីមក កម្ពុជា ម្តងទៀត
កីឡាករកាណាដា-មីយ៉ាន់ម៉ា ដាវ លីឌុច (Dave Leduc) បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយប្រទេសកម្ពុជា ដូចអ្វីដែលខ្លួនបានជួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរូបគេបានសម្រេចចូលនិវត្តន៍ ក្រោយប្រកួតជាមួយកីឡាករកម្ពុជា ព្រំ សំណាង កាលពីថ្ងៃទិ ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ពិតណាស់ នៅក្នុងបទសម្ភាសជាភាសាអង់គ្លេស ជាមួយកម្មវិធី FULL METAL DOJO លោក ដាវ លីឌុច បាននិយាយថា៖ “ខ្ញុំគិតថា កម្ពុជា ជាអនាគតដ៏ធំសម្រាប់ខ្ញុំ ខ្ញុំដឹងពីអ្វីដែលត្រូវជួយប្រទេសនេះ ដូចអ្វីដែលខ្ញុំបានជួយប្រទេសមីយ៉ាន់ម៉ា អ្នកដឹងទេ ពួកគេសមនឹងទទួលបាន ហើយគួរតែត្រូវបានបង្ហាញគុនខ្មែរនៅលើផែនទី និងដាក់ប្រទេសនៅលើផែនទី ដូច្នេះខ្ញុំពិតជាសប្បាយរីករាយណាស់ ហើយខ្ញុំខានប្រកួត ៣ឆ្នាំហើយ ដោយសារខ្ញុំមានប្រពន្ធកូន ឥឡូវនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ដំណើរជីវិតបន្ទាប់របស់ខ្ញុំ សម្រាប់ការងារផ្តោតសំខាន់របស់ខ្ញុំបន្ទាប់គឺខ្ញុំនឹងជួយអ្នកដទៃតាមអ្វីដែលខ្ញុំអាចជួយបាន”។
លោកបានបន្តទៀតថា៖ “ពួកគេ (កម្ពុជា) ទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅបំផុត អនុញ្ញាតឲ្យពួកយើងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី យករថយន្តទំនើប Rolls-Royce ដឹកខ្ញុំ អ្វីដែលពិសេសមួយទៀតនោះ គឺពួកគាត់បានដាក់រហស្សនាមឲ្យខ្ញុំរួចហើយគឺ «ដាវ» ជាឈ្មោះខ្មែរដែលជាឧបករណ៍អាវុធម្យ៉ាងរបស់កម្ពុជា ឥឡូវនេះ ឈ្មោះខ្ញុំគឺមានន័យថា «ដាវ» នេះពិតជាអស្ចារ្យណាស់”។
ហើយក្នុងនោះ ដាវ លីឌុច ក៏បានលើកឡើងពី ព្រំ សំណាង ថា៖ ព្រំ សំណាង ជាអ្នកប្រដាល់ និងជាជើងឯកពិតប្រាកដដែលមានស៊ូធន់ល្អ រឹងមាំ ប៉ុន្តែអ្វីដែលកីឡាករកម្ពុជារូបនេះខ្វះគឺគំនិតអាជីវកម្ម ខណៈលោកមានទាំងគំនិតអាជីវកម្ម និងជំនាញប្រដាល់ ទោះជាយ៉ាងណា ពេលនេះលោកបានសម្រេចចូលនិវត្តន៍ហើយ។
គួរបញ្ជាក់ថា ដាវ លីឌុច មានដើមកំណើតនៅប្រទេសកាណាដា ដែលបានចាប់អាជីពប្រដាល់ដំបូងគឺគុនចម្រុះ (MMA) បន្ទាប់មករូបគេក៏បានប្រកួតមួយថៃ និង Lethwei មុនពេលប្រកួតគុនខ្មែរចុងក្រោយ ដើម្បីចូលនិវត្តន៍ ក្នុងនាមជាកីឡាករ រូបគេបានជួយផ្សព្វផ្សាយកីឡាប្រដាល់ប្រពៃណីមីយ៉ាន់ម៉ា Lethwei ឲ្យល្បីសុះសសាយទូទាំងពិភពលោកផងដែរ៕