ទីបំផុត Real Madrid សម្រេចចិត្តបោះបង់ការចង់បាន Mbappe ហើយ ក្រោមហេតុផល ៣ យ៉ាងនេះ
Real Madrid លែងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kylian Mbappe ទៀតហើយ ទោះបីជាគាត់ចាកចេញពី Paris Saint-Germain លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយក៏ដោយ។ ប្រភព CadenaSER បានអះអាងថា Mbappe គឺជាគោលដៅផ្ទេរដ៏សំខាន់របស់ក្លិប Real Madrid ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែពួកគេបានសម្រេចចិត្តបញ្ចប់ចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធបារាំងខាងលើហើយ។ ក្លិបយក្សរបស់អេស្ប៉ាញ បានចាត់ទុកការព្យាយាមអស់រយៈពេលជាយូរណាស់មកហើយនោះត្រូវបានបញ្ចប់ ហើយពួកគេនឹងមិនព្យាយាមនាំយកកីឡាករវ័យក្មេងរូបនេះមកកាន់កីឡដ្ឋាន Santiago Bernabeu ជាថ្មីម្ដងទៀតនោះឡើយ។
កិច្ចសន្យារបស់ Mbappe នៅ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្លឹបសង្ឃឹមថានឹងជៀសវាងការបាត់បង់គ្រាប់ពេជ្ររបស់ពួកគេដោយឥតគិតថ្លៃ ជាមួយនឹងការបន្តកុងត្រាថ្មីបន្ថែមទៀត។ របាយការណ៍បានអះអាងថា ទោះបីជា Mbappe សម្រេចចិត្តចាកចេញក៏ដោយ ក៏ Real Madrid នឹងមិនទាក់ទងឡើយដោយហេតុផលបីយ៉ាង។ ទី១ គឺខ្សែប្រយុទ្ធរូបនេះនឹងទាមទារយ៉ាងហោចណាស់ ២០លានអឺរ៉ូក្នុងមួយឆ្នាំនៅ Real Madrid និងប្រាក់រង្វាន់ដ៏ធំផ្សេងទៀត ប្រសិនបើគាត់ចូលរួមដោយឥតគិតថ្លៃ។ហេតុផលមួយទៀតគឺអាយុរបស់គាត់។ Mbappe នឹងមានអាយុជិត ២៦ឆ្នាំទៅហើយ នៅពេលដែលគាត់បានចូលរួមជាមួយ Real Madrid ហើយក្លិបចាប់អារម្មណ៍នឹងការចុះហត្ថលេខាលើកីឡាករនៅក្មេងដូចករណី Eduardo Camavinga, Aurelien Tchouameni និងខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Endrick ដែលនឹងមកលេងឲ្យក្លិបស្ដេចសនៅរដូវកាលក្រោយ។ ចំណែកឯទី៣ គឺកិច្ចសន្យាដ៏ធំដែល PSG បានចុះហត្ថលេខាលើគាត់ក៏បានបង្កឱ្យមានការព្រួយបារម្ភខ្លះៗដែរនៅ Real Madrid ដោយក្លឹបខ្លាចការចំណាយច្រើនលើកីឡាកររូបនេះ នឹងធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត និងបង្កបញ្ហាសេដ្ឋកិច្ចដល់ក្លិប៕