ភរិយារបស់លោកគ្រូ អេ ភូថង និយាយថា កីឡាករខ្លះនឹងក្លាយជាអ្នកមាន បើចេះសន្សំទុកដាក់នោះ?
កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរមួយចំនួននឹងក្លាយជាអ្នកមានជីវភាពធូរធារ ប្រសិនបើពួកគេចេះសន្សំទុកដាក់ និងប្រើប្រាស់ថវិកា ដែលរកបានពីប្រដាល់សម្រាប់ប្រកបរបររកស៊ីនៅពេលខ្លួនវាយលែងកើត ហើយក្នុងនោះ អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង នឹកស្មានមិនដល់ ដែលកីឡាប្រដាល់គុនខ្មែរបានរីកចម្រើនទាំងធនធានមនុស្ស គុណភាព ការរីកចម្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសសំបូរអ្នកមានធនធានឧបត្ថម្ភគាំទ្រកាន់តែច្រើន។
ពិតណាស់ អ្នកស្រី សាំង សុម៉ាលី បាននិយាយថា៖ “ជីវភាពរបស់កីឡាករប្រដាល់បច្ចុប្បន្នល្អខ្លាំងមែនទែន ពីព្រោះឥឡូវវាយតម្លៃខ្លួនក៏បានថ្លៃ ម្ចាស់ឧបត្ថម្ភក៏ច្រើន ហើយមានរៀបចំកម្មវិធីប្រកួតមានរង្វាន់ធំៗ អត់ដូចសម័យប្តីខ្ញុំទេ បើកីឡាករចេះសន្សំទុក នឹងមានជីវភាពធូរធារខ្លាំង អាចក្លាយជាអ្នកមាន ដូច ធឿន ធារ៉ា ពីមុនខ្វះខាត តែឥឡូវវ៉ៃបានប្រាក់ច្រើន ដោះបំណុលគេអស់ ហើយនៅសល់ថែមទៀត ឥឡូវនេះ វាមិនអាចក្លាយជាអ្នកមានទេ លុះត្រាតែតតទៅមុខទៀតទើប ធារ៉ា មានជីវភាពធូរធារខ្លាំង ខ្ញុំជឿថា ធារ៉ា នឹងក្លាយជាអ្នកមាន មានផ្ទះ មានអីដូចគេដូចឯងដែរ ហើយពាក់ព័ន្ធនឹងកូនប្រុសទាំងពីររបស់ខ្ញុំ គឺកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលទើបឈ្នះខ្សែក្រវាត់ពីប្រទេសអូស្ត្រាលី ដោយទទួលបានរង្វាន់រថយន្ត ១គ្រឿង ខ្ញុំគិតថា ពួកគេនឹងមានអនាគតល្អប្រសើរជាងឪពុករបស់ខ្លួន”។
អ្នកស្រីបន្តទៀតថា៖ “កូនខ្ញុំនឹងមានអនាគតល្អជាងប្តីខ្ញុំ ពីព្រោះជំនាន់ប្តីខ្ញុំវ៉ៃ តម្លៃខ្លួនតិច ហើយការប្រកួតអត់សូវមានញឹកញាប់ កាលណោះបីបួនខែទើបមានការប្រកួតម្តង ឬពេលខ្លះ ១ឆ្នាំទើបអាចប្រកួតម្តង ឥឡូវនេះមានគ្រប់ប៉ុស្តិ៍ ហើយម្ចាស់ឧបត្ថម្ភកម្មវិធីមានច្រើន កីឡាកររកតែកម្លាំងវ៉ៃមិនចង់បានផង ពីមុនខ្ញុំគិតថា ការសម្រេចចិត្តរបស់ខ្ញុំដែលឲ្យកូនចាប់អាជីពប្រដាល់ខុស ពីព្រោះខ្ញុំគិតថា ប្រដាល់អត់រីកចម្រើនដល់ម្ល៉េះទេ ប្តីខ្ញុំអត់ចង់ឲ្យកូនប្រកួតទេ ព្រោះគាត់ខ្លាចដូចគាត់ តែឥឡូវនេះ ខ្ញុំពិតជាសម្រេចចិត្តត្រូវ ខ្ញុំមានមោទនភាពសម្រាប់កូនខ្ញុំទាំងពីរណាស់”។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ម្ចាស់ផលិតផលក្នុងស្រុក និងអ្នកមានធនធានកាន់តែច្រើនបានចំណាយថវិកា ដើម្បីឧបត្ថម្ភគាំទ្រការប្រកួតគុនខ្មែរដែលបានផ្តល់ឲ្យទីផ្សារប្រដាល់មានច្រើន តម្លៃខ្លួនកាន់តែខ្ពស់ ហើយមានទាំងរង្វាន់រថយន្តជាបន្តបន្ទាប់ ទីផ្សារប្រកួតសំបូរបែបនេះ កីឡាករល្អៗ ល្បីៗ ស្ទើរតែរកពេលសម្រាកគ្មាន៕