ភរិយារបស់លោកគ្រូ អេ ភូថង រលីងរលោងទឹកភ្នែក ពេលនិយាយដល់កីឡាករ យ៉េន ឌីណា
អ្នកស្រី សាំង សុម៉ាលី ដែលជាភរិយារបស់លោកគ្រូ អេ ភូថង មានអារម្មណ៍អាណិតដល់កីឡាករ យ៉េន ឌីណា រហូតដល់រលីងរលោងទឹកភ្នែកនៅពេលនិយាយដល់កីឡាកររូបនេះក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានមួយ ដោយអ្នកស្រីបានរៀបរាប់ពីមូលហេតុដែលម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២២ រូបនេះធ្លាក់ចុះសមត្ថភាពថា៖ “ឌីណា គាត់អត់ចេះផឹកទេ អត់ចេះដើរលេងទេ ហ្វឹកហាត់រាល់ថ្ងៃ តែគាត់មានកូនចិត្តមួយតូចគឺគាត់គិតថា គាត់ចាស់ហើយ គាត់តែងតែគិតថា គាត់ចាស់ហើយ ហើយគាត់មានបញ្ហាគ្រួសារថែមទៀត ដល់អីចឹងទៅ គាត់អត់មានទឹកចិត្តហ្វឹកហាត់ទេ គាត់វ៉ៃដែរ តែគាត់អត់សូវហ្វឹកហាត់”។
អ្នកស្រី សាំង សុម៉ាលី ក៏បាននិយាយថា៖ “ពេល យ៉េន ឌីណា ទៅប្រកួតនៅចិនថ្ងៃមុន អត់មានអ្នកលើកទឹកចិត្តគាត់ទេ គ្រាន់តែមុនឡើងប្រកួត ខ្ញុំលើកទឹកចិត្ត ខលទៅកូន កូនឡើងទៅប្រកួតនៅចិនឲ្យខំប្រឹង ខ្ញុំតែងតែប្រាប់គាត់ថា កុំបាក់ទឹកចិត្តអី ពិបាកដែរណា រឿងជីវិតគូរបស់គេ ទោះបីជាយើងលើកទឹកចិត្តគេយ៉ាងណា ក៏វាមិនងាយ ពីព្រោះគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់ ឌីណា ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់”។
អ្នកស្រីបានបន្ថែមទៀតថា៖ “អាណិត អាណិតគាត់ ឌីណា ស្រឡាញ់ប្រពន្ធគាត់ណាស់ ឲ្យរកមនុស្សដូច ឌីណា មិនបានទេ ខ្ញុំនិយាយមែន ឌីណា មកពីហាត់ ធ្វើម្ហូបឲ្យប្រពន្ធ លើកម្ហូបឲ្យប្រពន្ធញាំ ឌីណា ជាបុរសល្អ តែខ្ញុំមិនដឹងមូលហេតុអ្វី ជីវិតគូរបស់គាត់បែកបាក់ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំសួរគាត់ គាត់អត់ប្រាប់ ហើយខ្ញុំបានសួរប្រពន្ធគាត់ ប្រពន្ធគាត់ក៏អត់ប្រាប់ដូចគ្នា ពីរនាក់ប្តីប្រពន្ធល្អដូចគ្នា អត់ប្រាប់គេទេ ប្តីមានកំហុសអីក៏អត់ប្រាប់ ប្រពន្ធមានកំហុសអីក៏អត់ប្រាប់ដូចគ្នា”។
ពិតណាស់ យ៉េន ឌីណា មានសន្ទុះឡើងខ្លាំងនៅពេលរូបគេមានប្រពន្ធចន្លោះឆ្នាំ ២០២០-២២ ដែលត្រូវបានគេមើលឃើញមានភរិយាតែងតែទៅលើកទឹកចិត្តផ្ទាល់ដល់សង្វៀនរហូតឈ្នះខ្សែក្រវាត់ និងឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ពីរឆ្នាំចុងក្រោយនេះ កីឡាករ យ៉េន ឌីណា ហាក់មានការធ្លាក់ចុះសមត្ថភាពយ៉ាងខ្លាំង ដោយរូបគេមិនបានជាប់ជម្រើសជាតិគុនខ្មែរទេក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយរូបគេមិនសូវទទួលបានលទ្ធផលល្អនោះទេ ក្នុងការឡើងប្រកួតគុនខ្មែរទាំងនៅក្នុងស្រុក និងក្រៅប្រទេស អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះ រូបគេមានបញ្ហារហូតបែកបាក់គ្រួសារថែមទៀតផង៕