លោក វុត្ថា បញ្ជាក់ពីប្រកួតវិលជុំ ១ថ្ងៃ ៣ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករបស់ ធឿន ធារ៉ា ថាអាចនឹងតានតឹង…!
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតពិភពលោក ដែលស្ថានីយទូរទស្សន៍ថោន សហការជាមួយក្រុមហ៊ុនហ្គេនស្ប៊ឺក រៀបចំប្រកួតដណ្តើមខ្សែក្រវាត់វិលជុំ ដែលមានជើងខ្លាំងមកពី ៨ប្រទេសចូលរួមជាលើកដំបូង ដោយវាយក្នុង ១ថ្ងៃ ៣ប្រកួត ពោលគឺចាញ់ធ្លាក់ អ្នកឈ្នះនឹងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រតែម្ដង ហើយមានការលើកឡើងថា ការប្រកួតនេះ កីឡាករ ធឿន ធារ៉ា អាចនឹងជួបការប្រឈមខ្លាំង ព្រោះត្រូវប្រកួតជាប់ៗគ្នា ខណៈដែលកីឡាករបរទេសសុទ្ធតែជាជើងខ្លាំងមកពីជុំវិញពិភពលោក។
ពិតណាស់ អ្នកគាំទ្រគុនខ្មែរជាច្រើន បានជជែកគ្នាពេញបណ្តាញសង្គម ក្រោយស្ថានីយទូរទស្សន៍ថោន បានប្រកាសពីព្រឹត្តិការណ៍ប្រកួតនៃកម្មវិធី ជើងខ្លាំង ៨រូប ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ឬ (Kun Khmer 8 Man Tournament) ដែលមានកីឡាករមកពីប្រទេសអុីរ៉ង់ ឆែក ប្រេសុីល អ៊ុយក្រែន ចិន ភូមា អាល្លឺម៉ង់ និងកម្ពុជាជាម្ចាស់ផ្ទះ ហើយអ្នកគាំទ្រទាំងនោះយល់ថា ដោយសារកម្មវិធីនេះ ទើបនឹងរៀបចំលើកទី១ ដូច្នេះ វាថ្មីពេកសម្រាប់ កីឡាករ ធឿន ធារ៉ា ក្នុងការប្រយុទ្ធជាមួយកីឡាករបរទេសដល់ទៅ ៧នាក់។
យ៉ាងណាមិញ លោក វុត្ថា ដែលជាអ្នករៀបចំកម្មវិធីប្រដាល់គុនខ្មែរល្បីឈ្មោះនៅស្ថានីយទូរទស្សន៍ថោន បាននិយាយថា៖ “ជាការពិត សម្រាប់ការប្រកួតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ប្រកួតនៃកម្មវិធី ជើងខ្លាំង ៨រូប ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក (Kun Khmer 8 Man Tournament) និងរថយន្ត ដែលកីឡាករ ធឿន ធារ៉ា នឹងចូលរួមប្រកួតតតាំងជាមួយកីឡាករបរទេសទាំង ៧ប្រទេសផ្សេងទៀតនោះ អាចនឹងភាពតានតឹងខ្លាំង ព្រោះជាព្រឹត្តិការណ៍ប្រកួតវិលជុំ៣ប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូង ប៉ុន្តែការប្រកួតខាងលើនេះ ត្រូវបានបរទេសរៀបចំឲ្យមានជាហូរហែរមកហើយ ដូច្នេះ វាក៏ល្មមដល់ពេលដែលគុនខ្មែរ ចេញប្រកួតក្នុងព្រឹត្តិការណ៍ធំបែបនេះ ហើយវាក៏បញ្ជាក់ពីសមត្ថភាពរបស់យើងនៅពេលនោះដែរ”។
ដោយឡែកលោក គឹម ស្រ៊ុនកុសល ក៏បានចេញមុខពន្យល់ជុំវិញការរៀបចំព្រឹត្តិការណ៍ប្រកួតនៃកម្មវិធី ជើងខ្លាំង ៨រូប ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក យ៉ាងដូច្នេះថា៖ “ឃើញបងប្អូនឆ្ងល់ថា 8Man គេវាយយ៉ាងម៉េច ឬគេឲ្យ ធឿន ធារ៉ា ម្នាក់ វាយទល់ ៧នាក់ម៉េច? ចម្លើយ គឺមិនមែនអ៊ីចឹងទេ! កីឡាករទាំងអស់មាន ៨ប្រទេស រួមទាំងកម្ពុជាផងដែរ ហើយ ៨ប្រទេស ឬ៨នាក់ហ្នឹង ត្រូវចាប់ឆ្នោតចូលពូល ក្នុងមួយពូលមានកីឡាករ ៤នាក់ សម្រាប់ប្រកួតជុំទី១ គឺកីឡាករ ៨នាក់ជម្រុះយកតែ ៤នាក់ទេ (ចាញ់ធ្លាក់) ប្រកួតជុំទី២ គឺកីឡាករ ៤នាក់ជម្រុះយកតែ ២នាក់ទេ (ចាញ់ធ្លាក់) ប្រកួតជុំទី៣ គឺផ្តាច់ព្រ័ត្រយកលេខ១ និងលេខ២ ក្នុងករណីដែល ធឿន ធារ៉ា ប្រកួតឈ្នះបានលទ្ធផលលេខ១ ក្រុមហ៊ុនហ្គេនស្ប៊ឺត នឹងថែមរង្វាន់ឲ្យជារថយន្ត Pick Up ថ្មីសន្លាងមួយគ្រឿងទៀត ក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ១ វិញ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ ឯការប្រកួត (8Man) នេះ គឺមានជាយូរមកហើយ អាចថាគេរៀបចំហ្នឹងតាំងពី ២០ឆ្នាំមុនមកម្ល៉េះ ដូចជានៅប្រទេសថៃ គេរៀបតាំងពីឆ្នាំ២០១៣ មកម្ល៉េះ”។
លោក គឹម ស្រ៊ុនកុសល ក៏បានបន្តថា៖ ប្រទេសជប៉ុន សូម្បីតែអតីតស្តេចប្រដាល់ខ្មែរ អេ ភូថង ក៏ធ្លាប់បានចូលវាយដែរ បើសិនជាគុនខ្មែរយើងមិនរីកចម្រើន ក៏ខាង IPCC មិនឲ្យរៀបការប្រកួតនេះដែរ តែដោយសារឃើញកីឡាករគុនខ្មែរយើងរីកចម្រើនខ្លាំង ទើបខាង IPCC អនុញ្ញាតឲ្យរៀប (8Man) នេះឡើងមក៕