អេមណាស់! នៅចុងសប្តាហ៍នេះ មានជាង ២០ប្រទេសចូលរួមគុនខ្មែរពិភពលោក…
នាពេលខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរពិភពលោក លើកទី៤ នៅថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីពង្រីកសក្តានុពលគុនខ្មែរ ទៅលើឆាកអន្តរជាតិឲ្យកាន់តែរីកចម្រើន។
ពិតណាស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា៖ “ប្រទេសជាង ២០មកពីជុំវិញពិភពលោក ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក Kun Khmer World Championship លើកទី៤ នៅខេត្តសៀមរាប ប្រទេសភាគច្រើនបានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ហើយប្រទេសខ្លះបានបញ្ជូនសមាជិកមកចូលរួម ពីព្រោះព្រឹត្តិការណ៍នេះមិនមែនផ្តោតលើតែការប្រកួតម្យ៉ាងនោះទេ ប៉ុន្តែក៏មានកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដើម្បីជំរុញការផ្សព្វផ្សាយពីគុនខ្មែរលើពិភពលោក”។
លោក វ៉ាត់ ចំរើន ក៏បានបញ្ជាក់ទៀតថា៖ “ការប្រកួតនេះមានការបែងចែកជា ៣ប្រភេទ គឺកម្រិតស្ម័គ្រចិត្ត កម្រិតពាក់កណ្តាលអាជីព និងកម្រិតអាជីព ហើយក្នុងនោះមានខ្សែក្រវាត់ ៤គ្រឿង និងមេដាយមាស ប្រាក់ សំរិទ្ធ គ្រប់វិញ្ញាសា”។
យ៉ាងណាមិញ លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានឲ្យដឹងដែរថា៖ “ព័ត៌មានជាក់លាក់គឺមាន ១៥ប្រទេសបានបញ្ជូនអត្តពលិកចូលរួមប្រកួតដែលសរុបកីឡាករ កីឡាការិនីរបស់ម្ចាស់ផ្ទះកម្ពុជា មានជាង ៦០នាក់ ក្នុងចំណោមវិញ្ញាសា និងការប្រកួតខ្សែក្រវាត់ មានវិញ្ញាសាខ្លះមានបេក្ខភាពច្រើននាក់ដែលត្រូវប្រកួតជម្រុះច្រើនវគ្គ ប៉ុន្តែវិញ្ញាសាខ្លះមានបីទៅបួននាក់ប៉ុណ្ណោះ”។
*នេះជាប្រទេសដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួត៖
- រុស្ស៊ី មានអត្តពលិក ៦នាក់
- ឥណ្ឌា អត្តពលិក ៦នាក់
- កាហ្សាស្ថាន មានអត្តពលិក ៤នាក់
- អ៊ីរ៉ង់ មានអត្តពលិក ៤នាក់
- ជប៉ុន មានអត្តពលិក ៣នាក់
- ហ្វីលីពីន មានអត្តពលិក ៥នាក់
- ឥណ្ឌូណេស៊ី មានអត្តពលិក ៤នាក់
- កាមេរ៉ូន មានអត្តពលិក ១នាក់
- អូស្ត្រាលី មានអត្តពលិក ១នាក់
- ម៉ាឡេស៊ី មានអត្តពលិក ១នាក់
- អាហ្សង់ទីន មានអត្តពលិក ១នាក់
- វៀតណាម មានអត្តពលិក ១នាក់
- ឡាវ មានអត្តពលិក ១នាក់
- កម្ពុជា មានអត្តពលិក ២៥នាក់៕