តោះបងប្អូន! មកស្គាល់អ្នកប្រដាល់ ៤រូប បានប្រើក្បាច់គុនខ្មែរដើម្បីឈ្នះរង្វាន់ឡាន ម្នាក់ ១គ្រឿង…
ពេលនេះទីផ្សារប្រដាល់គុនខ្មែរ បានឈានដល់កម្រិចខ្ពស់ហើយនាពេលបច្ចុប្បន្ននេះ ដោយការប្រកួតខ្លះមានប្រាក់រង្វាន់ខ្ទង់លានរៀល ហើយប្រកួតខ្លះទៀតមានដាក់ដល់ទៅរថយន្ត សម្រាប់ផ្ដល់ជូននៅកីឡាករដែលឈ្នះជ័យលាភី។
ហើយខាងក្រោមនេះ ជាកីឡាករគុនខ្មែរចំនួន ៤រូប ដែលបានប្រើប្រាស់ក្បាច់គុនដូនតាខ្មែរ ដើម្បីបានឈ្នះរថយន្តម្នាក់ ១គ្រឿង៖
ទី១៖ អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់រថយន្តពីកម្មវិធីគុនខ្មែរអលស្តារ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាងគេ ក្នុងចំណោមកីឡាករគុនខ្មែរចំនួន ៣នាក់ផ្សេងទៀត ដែលជាបេក្ខ ភាពដណ្តើមរថយន្ត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយមុននឹងក្លាយជាម្ចាស់រថយន្តពីកម្មវិធី បេក្ខភាពទាំង ៤រូបនោះ ត្រូវឈ្នះដៃគូជាដាច់ខាត ក្នុងនោះរួមមាន៖ ម៉ានូ សិល្បៈ បានផ្តួល ឆាតសាម័យយឹម (ឡាវ) ត្រឹមទឹកទី២ ពេជ្រ សម្បត្តិ ឈ្នះ Saw Kolo (ភូមា) ត្រឹមទឹក២ អេលីត សាន់ ឈ្នះ Zaw Aye See (ភូមា) ខណៈ រឿង សោភ័ណ្ឌ បានផ្តួល Omar El Ouers (ម៉ារ៉ុក) ត្រឹមទឹកទី១ ហើយយ៉ាងណា អ្នកគាំទ្រប្រដាល់គុនខ្មែរ បានបោះឆ្នោតឲ្យ ពេជ្រ សម្បត្តិ ឈ្នះរថយន្តនៅក្នុងកម្មវិធីដ៏ធំមួយនេះ។
ទី២៖ ជើងខ្លាំងគុនខ្មែរ ឃឹម បូរ៉ា បានឈ្នះឡាន ១គ្រឿង ក្រោយផ្តួលគូប្រកួត អេលីត សាន់ ត្រឹមទឹកទី១ ពីមហាព្រឹត្តិការណ៍ប្រដាល់ប៊ូសស្ត្រងឲ្យរថយន្ត នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ មុននឹងប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករកម្ពុជា ៤រូបមាន អេលីត សាន់ ឈុត សេរីវណ្ណថង ឃឹម បូរ៉ា និង ទូច ដេវីត ត្រូវប្រកួតជាមួយបរទេសនៅវគ្គទី១ រៀងៗខ្លួន ក្រោយពេលឈ្នះ គឺត្រូវរង់ចាំសារច្រើនជាងគេលេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតជាមួយគ្នានៅវគ្គទី២ អ្នកឈ្នះបានឡាន ១គ្រឿងភ្លាមៗ។
ទី៣៖ កីឡាករវ័យ ២០ឆ្នាំ អេ អាំម៉ារីន ទទួលបានរង្វាន់រថយន្ត Pick-Up ថ្មីសន្លាង ១គ្រឿងពី Ganzberg កាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លើសង្វៀន ក្នុងទឹកដីនៃប្រទេសអូស្រ្តាលី កូនប្រុសរបស់វីរបុរសគុនខ្មែរ អេ ភូថង រូបនេះ បានវាយឈ្នះដៃគូកីឡាករ Clinton Coke ជនជាតិអូស្រ្តាលី ដោយលោកអាជ្ញាកណ្ដាលបានបញ្ឈប់ក្នុងទឹកទី៤ ហើយជ័យជម្នះនេះ កីឡាករ អេ អាំម៉ារីន ទទួលបានខ្សែក្រវ៉ាត់គុនខ្មែរពិភពលោកទម្ងន់ ៦៦គីឡូក្រាម និងទទួលបានរង្វាន់រថយន្តថ្មី ១គ្រឿង។
ទី៤៖ កីឡាករជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃពិឃាត» ធឿន ធារ៉ា ដណ្ដើមយកជ័យជម្នះចំនួន ៣លើកជាប់ៗគ្នា ពីការប្រកួតគុនខ្មែរ Kun Khmer World Cup 2023 នាយប់ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នឹងបានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម និងទទួលបានកាដូយក្ស គឺរង្វាន់ឡាន Pick-Up ថ្មីសន្លាង ១គ្រឿងទៀតពីម្ចាស់ឧបត្ថម្ភធំ ដោយជ័យជម្នះមួយនេះ ធឿន ធារ៉ា ធ្វើបានក្រោយប្រកួតជម្រុះតាមបែបម៉ារ៉ាតុង យកឈ្នះអ្នកប្រដាល់អ៊ុយក្រែន White Shark ដោយពិន្ទុ និងបន្តយកឈ្នះកីឡាកររបស់សាធារណរដ្ឋឆែក Michael ដោយសន្លប់នៅទឺកទី១ ខណ:ប្រកួតទី៣ យកឈ្នះកីឡាករប្រេស៊ីល Machaado Bento ដោយសន្លប់នៅទឹកទី១។
គួរបញ្ជាក់ផងដែរថា ក្រៅពីអ្នកប្រដាល់ ៤រូបខាងលើកនេះ ក៏នៅមានអ្នកប្រដាល់ម្នាក់ទៀតក៏ធ្លាប់ទទួលបានរង្វាន់រថយន្ត ១គ្រឿងផងដែរ គឺជាងកាត់សក់ដៃឯក ព្រំ សំណាង ប៉ុន្តែកាលនោះមិនមែនឈ្នះ ដោយប្រើក្បាច់គុនប្រដាល់គុនខ្មែរលើសង្វៀន តែជាការប្រកួតក្នុងព្រឹត្តិការណ៍បីស្ត្រីពិភពលោក Boostrong Poer to Women Festival ដែលមានអ្នកចុះឈ្មោះចូលរួមចំនួន ៥០០គូ ជាលទ្ធផល ជើងឯកបានទៅលើកលោក យិន សំអុល អាចបីប្រពន្ធរបស់ខ្លួនឈ្មោះ សួន កល្យាណី រហូតដល់ ៨:១៧ ម៉ោង ហើយ ព្រំ សំណាង បានត្រឹមលេខ ២ប៉ុណ្ណោះ ប៉ុន្តែខាងអ្នករៀបចំកម្មវិធីបានសម្រេចប្តូររង្វាន់ពីម៉ូតូ X-Ride Adventure ទៅជារថយន្តម៉ាក Mazda Seden ដែលមានតម្លៃប្រមាណជា ៣ម៉ឺនដុល្លារ ឲ្យ ព្រំ សំណាង ដូចអ្នកឈ្នះជើងឯកដែរ៕