ធឿន ធារ៉ា បានប្រាប់ពីចំណុចខ្លាំងរបស់ Dave Leduc បើជួបគ្នាមែន ធារ៉ា សង្ឃឹមឈ្នះ៧០%
អ្នកលេងគុនខ្មែរកំពុងឈានមុខគេនៅកម្ពុជា ធឿន ធារ៉ា សង្ឃឹមទទួលបានជ័យជម្នះ៧០% ប្រសិនបើជួបជាមួយជើងខ្លាំង ដែលជាអតីតស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ដែលចាត់ទុកខ្លួនស្ថិតនៅក្រោម ព្រំ សំណាង។
ពិតណាស់ ធឿន ធារ៉ា បានឃើញពីសមត្ថភាពរបស់ Dave Leduc ច្បាស់នៅពេលប្រកួតជាមួយ ព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ពេលកន្លងទៅ ហើយពេលនោះ Leduc បានវាយ ព្រំ សំណាង ឲ្យអាជ្ញាកណ្តាលរាប់ ៨ម្តង ប៉ុន្តែគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ នោះទេ ដោយសារចុងក្រោយគ្មានអ្នកសន្លប់ បន្ទាប់ពីចប់ ១ទឹកមាន ៩នាទី។
ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា បាននិយាយអំពីកីឡាករ Dave Leduc ថា៖ “ប្រសិនបើប៉ះគ្នាមែន ខ្ញុំសង្ឃឹម៧០% ពីព្រោះខ្ញុំគិតថា សមត្ថភាពរបស់គាត់មិនលើសខ្ញុំប៉ុន្មានទេ ហើយវ៉ៃជាមួយកីឡាករ Leduc ប្រសិនបើយឹត គឺពិបាកធ្វើគាត់ ព្រោះគាត់ជាកីឡាករល្អកណ្តាប់ដៃ ហើយចេះកែងដែរ តែគាត់មិនសូវល្អទាត់នោះទេ”។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Dave Leduc ហាក់មើលស្រាលចំពោះកីឡាករ ធឿន ធារ៉ា ដោយបានចាត់ទុកកីឡាករកម្ពុជារូបនេះ ងាយស្រួលសម្រាប់ខ្លួន អ្វីដែលកាន់តែជាក់ច្បាស់នោះគឺរូបគេប្រើគណិតវិទ្យាដោយបានចាត់ទុក ធឿន ធារ៉ា នៅកម្រិតក្រោម ព្រំ សំណាង ហើយ ព្រំ សំណាង ស្ថិតក្រោមរូបគេ ដូច្នេះខ្លួនជាស្តេចប្រដាល់នៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនោះ Dave Leduc ក៏បានលើកឡើងថា៖ “ខ្ញុំបានចូលនិវត្តន៍ជាស្តេចឡេតវេ និងជាស្តេចគុនខ្មែរ នេះជាគណិតវិទ្យាសាមញ្ញ ខ្ញុំវាយឈ្នះ ព្រំ សំណាង ហើយ សំណាង វាយឈ្នះ ធឿន ធារ៉ា ដាវ > សំណាង > ធារ៉ា = ដាវ ខ្ញុំជាស្តេចប្រដាល់ប្រចាំអាស៊ីអាគ្នេយ៍”។
គួរបញ្ជាក់ផងដែរថា៖ ធឿន ធារ៉ា ទើបតែបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament បន្ទាប់ពីផ្តួលដៃគូ ៣នាក់ក្នុងពេលមួយរាត្រី ដើម្បីទទួលបានរថយន្ត ១គ្រឿង ហើយនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ធឿន ធារ៉ា ត្រូវប្រកួតជាមួយកីឡាករ Nassan Vandani នៅដីឡូត៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល៕