គ្រូបង្វឹកភ្នំពេញក្រោននិយាយបែបនេះ សម្រាប់ការប៉ះជាមួយវិសាខានៅថ្ងៃស្អែក

នៅក្នុងសន្និសិទសារព័ត៍មាន មុនការប្រកួតរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្លិបបាល់ទាត់វិសាខា លោក Oleg Starynskyi បានលើកឡើងពីការប្រកួតនៅថ្ងៃស្អែកថា ក្រុមរបស់លោកកំពុងតែស្រេកឃ្លាននៅក្នុងការប៉ះគ្នាលើកនេះ ទោះបីជាមានពេលខ្លីសម្រាប់រៀបចំក្រុមបន្ទាប់ពីចប់ការប្រកួត AFC Cup ក៏ដោយ។

Oleg Starynskyi៖”វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមទាំងពីរសុទ្ធតែចង់ឈ្នះការប្រកួត ដូច្នេះអ្នកដែលរង់ចាំទស្សនាការប្រកួតនេះពិតជាជក់ចិត្ត យើងមានពេលខ្លីសម្រាប់ការរៀបចំខ្លួនពីការប្រកួត AFC CUP ប៉ុន្តែនេះគឺជាផ្នែកមួយនៃភាពអាជីព ទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំការប្រកួត ហើយពិតជាស្រេកឃ្លានការប្រកួតផងដែរ ការប្រកួតជាមួយវិសាខាគឺវាពិសេស ដូច្នេះយើងនឹងលេងពេញដោយភាពជឿជាក់ ការប្រកួតដល់ពាក់កណ្តាលផ្លូវហើយ”។

លោកបានបន្ថែមទៀតថា៖”យើងចង់ឈ្នះការប្រកួតព្រោះយើងចង់ប្រកួតប្រជែងពានរង្វាន់ ដូច្នេះ ៣ ពិន្ទុពិតជាសំខាន់សម្រាប់យើង សម្រាប់យើងការលេងក្នុងដីគឺពិតជាពិសេស នេះគឺជាទឹកដីរបស់យើង ហើយយើងមានអ្នកគាំទ្រជាច្រើននៅទីនេះ ការលេងក្នុងដីចំពោះមុខអ្នកគាំទ្រគឺពិតជាល្អ និងធ្វើឲ្យកីឡាករមានកម្លាំងបន្ថែមទៀតផងដែរ ទាំងអស់នេះមិនទាន់ប្រាកដថាយើងអាចឈ្នះបាននោះទេ យើងត្រូវតែធ្វើការឲ្យបានខ្លាំង”។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ភ្នំពេញក្រោនត្រូវជួបតទល់ជាមួយវិសាខាក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្តាហ៍ទី១៤ ជុំទី២៕

អត្ថបទដែលជាប់ទាក់ទង