សិស្សច្បងធំមកហើយ! ចាន់ រតនា បានប្រាប់ អ្នកចាត់ការខ្លួនបើកភ្លើងខៀវ ឲ្យប្រកួតគុនខ្មែរហើយ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងវិលត្រឡប់ចូលសង្វៀនគុនខ្មែរនាពេលវិញឆាប់ៗនេះ បន្ទាប់ពីរូបគេបានប្រកួតល្បុក្កតោក្នុងកម្មវិធី (អ្នកលេងគុន) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិតណាស់ អ្នកលេងគុនដែលមានបទពិសោធគុនចម្រុះច្រើន រូបនេះបានឲ្យដឹងថា៖ “អ្នកចាត់ការរបស់ខ្លួនបានបើកទ្វារឲ្យប្រកួតគុនខ្មែរវិញហើយ ប៉ុន្តែមិនទាន់ច្បាស់ពីពេលវេលាចេញប្រកួតនៅឡើយទេ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ រូបគេនៅតែបន្តហ្វឹកហាត់ជាប្រចាំ និងរក្សារាងកាយឲ្យមានសាច់ដុំមាំមួនដដែល បើទោះបីជារូបគេមិនបានប្រកួតនៅសង្វៀនគុនចម្រុះ ONE Championship ក៏ដោយ”។
យ៉ាងណាមិញ ចាន់ រតនា ក៏បាននិយាយថា៖ “ពេលអត់បានប្រកួតពីរឆ្នាំចុងក្រោយនេះ ខ្ញុំអត់បណ្តោយខ្លួនឲ្យឃ្លាតឆ្ងាយពីកន្លែងហ្វឹកហាត់ទេ ព្រោះយើងជាកីឡាករទោះប្រកួតក្តី អត់ប្រកួតក្តីក៏ត្រូវតែហ្វឹកហាត់ជាប្រចាំដែល ជាពិសេសយើងជាកីឡាករអាជីពមិនត្រូវបណ្តោយខ្លួន អត់ហ្វឹកហាត់ ដើរលេងធ្វើឲ្យប៉ះពាល់ដល់រាងកាយ ឡើងគីឡូ អីចឹងវាប៉ះពាល់ដល់ការប្រឹងប្រែងរបស់យើងច្រើនឆ្នាំអត់ន័យ”។
នៅពេលសួរថា ហេតុបានជាចង់ប្រកួតគុនខ្មែរវិញ? អ្នកលេងគុនចម្រុះរូបនេះក៏បានឆ្លើយថា៖ ខ្លួននៅមានកាយសម្បទាមាំមួន និងកម្លាំងអាចប្រកួតបាន ស្របពេលវិស័យកីឡាគុនខ្មែរ កំពុងរីកចម្រើនផងនោះបានធ្វើឲ្យរូបគេចង់ប្រកួតវិញ ជាពិសេសកីឡាករគុនខ្មែរមិនមានច្រើន ប៉ុន្តែសង្វៀនប្រកួតសំបូរដែលអាចធ្វើឲ្យទទួលបានឱកាសប្រកួតច្រើនដែរ។
គួរបញ្ជាក់ផងដែរថា ចាន់ រតនា នៅមានកុងត្រាជាមួយស្ថាប័នប្រដាល់គុនចម្រុះ ONE Championship ប៉ុន្តែការប្រកួតពីរលើកចុងក្រោយកាលពីឆ្នាំ២០២០ និង២០២២ មិនបានល្អ ធ្វើឲ្យរូបគេមិនទទួលបានឱកាសប្រកួតបន្តទៀត ទោះបីជាមិនបានចេញប្រកួតក៏ដោយ ក៏កីឡាកររូបនេះកំពុងបង្ហាត់ក្បាច់គុនល្បុក្កតោ ដល់ស្ថាប័នឯកជន ជាពិសេសមានជនបរទេសជាច្រើនបានហ្វឹកហាត់ជាមួយខ្លួន ហើយពេលថ្មីៗនេះគាត់បានប្រកួតឈ្នះកីឡាករហ្វីលីពីន John Rinon ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា អស់ ៣ទឹក យ៉ាងស្វិតស្វាញ ក្នុងកម្មវិធី «អ្នកលេងគុន» កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕