លោក Vutha និយាយថា គ្មានក្តីស្រឡាញ់ គ្មានឆន្ទៈ ធ្វើអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ មិនកើតទេ…

លោក ជួប វុត្ថា (MC Vutha) ពិធីករអត្ថាធិប្បាយប្រដាល់ បានឲ្យដឹងថា៖ កីឡាករខ្លាំង មិនដែលបញ្ឈប់មហិច្ឆិតាខ្លួនទេ និងតែងចង់សាងកេរ្ដិ៍ឈ្មោះល្បីលើសង្វៀនជាតិ និងអន្ដរជាតិ ចំណែករូបលោក ក៏ដូចគ្នា សង្ឃឹមថា នឹងក្លាយជាអ្នករៀបចំការប្រកួតព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិដ៏ល្បីឈ្មោះមួយរូប ហើយសង្ឃឹមថានៅថ្ងៃអនាគត ពេលអ្នកគាំទ្រនិយាយពីប្រដាល់ ពួកគេនឹកឃើញឈ្មោះ MC Vutha ដូចដែលនឹកឃើញដល់កីឡាករ និងអ្នកសាងស្នារដៃក្នុងវិស័យគុនខ្មែរជាច្រើនរូបទៀត។

ពិតណាស់ ការប្រកួតប្រដាល់គុនខ្មែរ ដ៏ជក់ចិត្ត គឺតែងតែមានការអត្ថាធិប្បាយ បន្ថែមល្បោយឲ្យបរិយាកាសកាន់តែទាក់ទាញ ពិធីករ ដែលមានវោហារស័ព្ទ លោក ជួប វុត្ថា ថា រូបលោកសប្បាយចិត្ត ដោយបានជាផ្នែកមួយក្នុងការផ្សព្វផ្សាយគុនខ្មែរ ហើយក៏ចង់ក្លាយទៅជាអ្នករៀបចំការប្រកួតអន្ដរជាតិ ដែលមានកីឡាករអន្ដរជាតិខ្លាំងៗជាច្រើនចូលរួម ដោយឡែក សង្វៀនថោន តែនាំកីឡាករអន្ដរជាតិ ដែលមានកម្រិតខ្លាំង មកប្រកួតជាមួយកីឡាករកម្ពុជា ដែលធ្វើឲ្យមានអ្នកទស្សនាជាច្រើន។

យ៉ាងណាមិញ លោក ជួប វុត្ថា ក៏បាននិយាយថា៖ “ព្រោះតែការស្រឡាញ់ប្រដាល់ និងក្ដីស្រម៉ៃ ចង់ក្លាយជាពិធីករ ទោះមិនមានបទពិសោធន៍អត្ថាធិប្បាយសោះ ក៏អាចធ្វើបានឲ្យតែមានការតាំងចិត្ត និងឆន្ទៈ ទាំងអស់ គឺផ្ដើមចេញពីការស្រឡាញ់ នៅពេលយើងស្រឡាញ់ យើងយកចិត្តទុកដាក់ ហើយយើងពេញចិត្ត នឹងធ្វើ ដូច្នេះ អ្វីដែលយើងធ្វើ គឺទៅតាមបេះដូងរបស់យើង អ៊ីចឹងពេលខ្ញុំ អត្ថាធិប្បាយទៅ ខ្ញុំបានចូលអារម្មណ៍ ព្រោះជាការស្រឡាញ់របស់យើង”។

លោកបានបន្តទៀតថា៖ “ការអត្ថាធិប្បាយប្រដាល់គុនខ្មែរ ប្រសិនជាមិនមានឆន្ទៈ និងការស្រឡាញ់ទេ មិនអាចធ្វើបានល្អឡើយ ព្រោះត្រូវស្គាល់ឈ្មោះក្បាច់ ឈ្មោះកីឡាករ និងប្រវត្តិប្រកួតផ្សេងៗ ជាពិសេសទៀតនោះ គឺតាមដានការប្រកួតរបស់កីឡាករ”។

គួរបញ្ជាក់ផងដែរថា លោក MC Vutha មានអាយុ ៣៧ឆ្នាំ គាត់បានស្ដាប់រៀមច្បងអត្ថាធិប្បាយប្រដាល់ពីមុនៗ និងយកមកអនុវត្តបន្ថែម រហូតធ្វើឲ្យខ្លួនលោក បានស្គាល់ពីឈ្មោះក្បាច់ និងស្នៀតប្រកួតមួយចំនួន ដែលនិយាយ ឲ្យកាន់តែទាក់ទាញពីការប្រកួត ហើយលោកបានឈានជើងចូលក្នុងវិស័យជាអ្នកអត្ថាធិប្បាយដំបូង នៅឆ្នាំ២០០៧ និងជាពិធីករក្នុងវិទ្យុមួយរូបដែរ ដូច្នេះ មិនសូវជាមានភាពភ័យខ្លាចក្នុងការអត្ថាធិប្បាយប្រដាល់គុនខ្មែរនោះទេ៕
អត្ថបទដែលជាប់ទាក់ទង