ក្រោយផ្តួលម្ចាស់ខ្សែក្រវាត់ ថៃហ្វៃត៍ អ្នកគាំទ្រថា បឹត សង្ឃឹម គួរត្រូវរើសជាបេក្ខភាពដណ្តើមខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោកហើយ

អ្នកលេងចិត្តសាស្ត្រ បឹត សង្ឃឹម បានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយវាយឲ្យម្ចាស់ខ្សែក្រវាត់ ថៃហ្វៃត៍ កងស័ក ផានិត បែក៩ថ្នេរ និងឈ្នះពិន្ទុដាច់ នៅសង្វៀន Cambodia គុនខ្មែរ KKIF កាលពីយប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ ស្នើឲ្យអ្នករៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅសង្វៀនថោន គួររៀបចំឲ្យមានការដណ្តើមខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោក ដល់កីឡាករ បឹត សង្ឃឹម ដណ្តើមយក ខណៈបច្ចុប្បន្នសមត្ថភាពកីឡាករគុនខ្មែររូបនេះស្ទើរតែគ្មានដៃគូប្រកួតទៅហើយ។

ពិតណាស់ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងកោតសរសើរជាខ្លាំងចំពោះទម្រង់វាយរបស់អ្នកលេងចិត្តសាស្ត្រ បឹត សង្ឃឹម ពិសេសការវាយកីឡាករថៃ កងស័ក ផានិត មិនអាចឲ្យចូលកៀកខ្លួនគេបាន ហើយបានប្រើកែងវាយចំពេញផ្ទៃមុខ បណ្តាលឲ្យម្ចាស់ខ្សែក្រវាត់ថៃហ្វៃត៍ បែកអស់៩ថ្នេរថែមទៀត ក្រោយបញ្ចប់ការប្រកួតអ្នកលេងគុនខ្មែរ បឹត សង្ឃឹម ក៏បានបោះពាក្យទៅឲ្យកីឡាករថៃពូកែឌឺ កងស័ក ផានិត យ៉ាងដូច្នេះថា៖ “ផ្ញើអំបោះ៩ថ្នេរទៅប្រទេសវិញផងប្រាដឺ!”។

យ៉ាងណាមិញ មានការលើកឡើងពីអ្នកគាំទ្រមួយចំនួនថា៖ កីឡាករ បឹត សង្ឃឹម គួរតែមានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោក ដូចជា៖ កីឡាករ ធឿន ធារ៉ា ព្រំ សំណាង ឈឿង ល្វៃ ផល សោភ័ណ្ឌ និង រឿង សោភ័ណ្ឌ ដែរហើយ ដ្បិតថា បច្ចុប្បន្នសម្រាប់គីឡូ ៥៨ និងគីឡូ៦០ កីឡាករបរទេសមួយចំនួនមកប្រកួតជាមួយកីឡាករ បឹត សង្ឃឹម គឺមិនដែលឆ្លងផុតទឹកទី២ ឡើយ ពោលគឺបើជាកីឡាករថៃ ដែលអាចស៊ូបានដល់ចប់ទឹក តែក៏មិនអាចយកឈ្នះកីឡាករ បឹត សង្ឃឹម បានដែរ ដូច្នេះដើម្បីបង្កើតតារាគុនខ្មែរ (Kun Khmer Super Stars) លំដាប់ប្រទេសឲ្យបានច្រើន នោះសង្វៀនធំៗ ដូចជា៖ សង្វៀនទូរទស្សន៍ថោន សង្វៀនទូរទស្សន៍ជាតិ ក៏ដូចជាសង្វៀន Cambodia គុនខ្មែរ KKIF គួរណាស់រៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរកម្រិតពិភពលោកមួយ ឲ្យកីឡាករ បឹត សង្ឃឹម ប្រកួតដណ្តើមជាមួយកីឡាករបរទេស ខណៈដែលបច្ចុប្បន្ន កីឡាករ បឹត សង្ឃឹម មានខ្សែក្រវាត់ ២ខ្សែ ត្រឹមកម្រិតក្នុងស្រុកប៉ុណ្ណោះ នោះគឺ ទី១.ខ្សែក្រវាត់ Cambodia សង្វៀនគុនខ្មែរ ក្នុងទម្ងន់ ៥៧គីឡូក្រាម មួយគ្រឿង ដណ្តើមបាននៅសង្វៀនគុនខ្មែរ CBS និងខ្សែក្រវាត់មួយគ្រឿងទៀត គឺ IPCC គុនខ្មែរ រដូវកាលទី២ ដណ្តើមបាននៅសង្វៀនស្ថានីយទូរទស្សន៍ថោន។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃសៅរ៍ ទី២៣ កន្លងទៅ អ្នកលេងចិត្តសាស្ត្រ បឹត សង្ឃឹម បានប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រោម ដោយគីឡូហ្ស៊ីនរបស់គាត់ គឺទម្ងន់ ៥៨គីឡូក្រាម ហើយគាត់ក៏មានគម្រោងដើរចេញពីការប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រោមនេះ ដោយប្តូរទៅប្រកួតនៅទម្ងន់ ៥៨គីឡូក្រាមវិញដែរ ព្រោះគាត់យល់ថា ការដំឡើងគីឡូវាយបែបនេះ មានការលំបាកខ្លាំង ក្នុងនោះ បឹត សង្ឃឹម ក៏បាននិយាយថា៖ “នេះគឺជាការប្រកួតគីឡូ ៦០ចុងក្រោយរបស់ខ្ញុំ ចាប់ពីពេលនេះទៅ ជួបគ្នា ៥៨គីឡូវិញ វៃគីឡូ៦០ វាមិនស្រួលទេសម្រាប់ខ្ញុំ!”៕

អត្ថបទដែលជាប់ទាក់ទង