មើលប្រដាល់ឆ្លងឆ្នាំ! អ្នកអត់គូនិងគេ កុំទាន់អស់សង្ឃឹម កម្មវិធីប្រដាល់គុនខ្មែរ ៤សង្វៀននេះ កំដរបាន សាកថ្មទូរស័ព្ទឲ្យតែពេញៗទៅ…

នៅតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ រាត្រីឆ្លងឆ្នាំសកល ឆ្នាំ២០២៤ នឹងចរចូលមកផ្លាស់ឆ្នាំចាស់ ២០២៣នេះហើយ ខណៈអ្នកមានគូ ច្បាស់ណាស់គេណាត់កន្លែងសម្រាប់ឆ្លងឆ្នាំរួចហើយថែមទៀត នៅឡើយតែអ្នកអត់គូមួយចំនួន ច្បាស់ជាកំពុងស្រពិចស្រពិលរកទីចតនៅរាត្រីថ្ងៃទី៣១ ស្អែកនេះជាមិនខាន ដូច្នេះកុំឲ្យសេដខ្លាំងពេក អេដមីន សូមណែនាំប្រដាល់គុនខ្មែរ ៤សង្វៀននេះ សម្រាប់ទស្សនាកំដររាត្រីឆ្លងឆ្នាំសកល២០២៤។

សង្វៀនទី១៖ កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរ ប៉ុស្តិ៍លេខ៥ ស្ថិតនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ (សង្កាត់ព្រែកកំពឹស) ចាប់ពីម៉ោង ៦ល្ងាច តទៅ ដោយមានការប្រកួតគូពិសេសចំនួន ២គូ និងគូអន្តរជាតិ ៣គូឯណោះ ស្ថិតក្នុងប្រភេទទម្ងន់ គីឡូ ៦០ដល់ គីឡូ ៦៥។

សង្វៀនទី២៖ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាព របស់ក្រុមហ៊ុនភេសជ្ជៈ ខារ៉ាប៉ាវ ស្ថិតនៅស្ទូឌីយ៉ូបាយ័ន ស្ទឹងមានជ័យ ចាប់ផ្តើមម៉ោង ៦ល្ងាចទៅដូចគ្នា ដោយមានកីឡាករចូលរួម​ប្រកួត​ចំនួន ៤គូ ដណ្តើមខ្សែក្រវាត់ ២គូ គូពិសេស ១គូ និងគូរុំអំបោះឆៅ ១គូផងដែរ ក្នុងប្រភេទទម្ងន់ចាប់ពី គីឡូ ៥១ ដល់ គីឡូ ៦៥។

សង្វៀនទី៣៖ កម្មវិធី WURKZ ប្រដាល់គុនខ្មែរពិភពលោក ប្រកួតនៅលើទឹកដីខេត្តស្វាយរៀង ដោយផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ថោន និងបណ្តាញសង្គមរបស់ថោន ចាប់ពីម៉ោង ៧យប់តទៅ មានកីឡាករចូលរួមប្រកួតចំនួន ៧គូ ដណ្តើមខ្សែក្រវាត់ ៣គូ គូអន្តរជាតិ ៤គូ ក្នុងប្រភេទគីឡូចាប់ពី ៥៧គីឡូក្រាម ដល់ ប្រភេទទម្ងន់ ៧២គីឡូ ដោយគូអន្តរជាតិ ខ្មែរជួបថៃ ៣នាក់ និងសហរដ្ឋអាមេរិកចំនួន ១នាក់ផងដែរ។

សង្វៀនទី៤៖ ស្ថានីយ៍ទូរទស្សជាតិ ទទក ផ្សាយចេញពីខេត្តត្បូងឃ្មុំ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ Krud គុនខ្មែរ ដណ្តើមខ្សែក្រវាត់៣គូ និងប្រកួតអន្តរជាតិគូមិត្តភាព ៤គូ ក្នុងនោះមាន លន បញ្ញា គូចុងក្រោយ និងឡៅ ចិត្រា គូទី៦ ដោយត្រូវស្វាគមន៍កីឡាករថៃ ដូចគ្នា ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមដូចគ្នា ដឹងតែកក្រើកក្រុងត្បូងឃ្មុំហើយពីរគូនេះ ខណៈ៥ដំបូង ក៏កំពុងឡើងជើងខ្លាំងដែរ។

៤សង្វៀននេះ ប្រិយមិត្តទស្សនិកជន អាចប្រាប់អេដមីនបានទេ ចង់ទស្សនាសង្វៀនណាជាងគេ ហើយ ៤សង្វៀននេះដែរ អាចកំដរពេលវេលាឆ្លងឆ្នាំបានហើយឬនៅ?

អត្ថបទដែលជាប់ទាក់ទង