ចាំមើលប៉ាគីអៅ អាចសងសឹក ផ្លយ បានទេ ខណៈទីតាំងកំណត់រួចហើយលើទឹកដីជប៉ុនក្នុងឆ្នាំនេះ!
ក្នុងអំឡុងពេលព្រឹត្តិការណ៍ឆ្នាំថ្មីរបស់សហព័ន្ធប្រដាល់ RIZIN នៅទីក្រុង Saitama ប្រទេសជប៉ុន កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao ចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍នោះបានបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលមួយថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏ធំនៅឆ្នាំ ២០២៤នេះ ដែលត្រូវជួបជាមួយ Floyd Mayweather ម្ដងទៀត។
ត្បិតតែពុំបាននិយាយអ្វីឱ្យលម្អិតជាងនេះ ប៉ុន្តែគេបានឮយ៉ាងច្បាស់នូវសំដីរបស់ Manny Pacquiao និយាយឈ្មោះរបស់កីឡាករអាមេរិក Floyd Mayweather ត្រង់ឃ្លាមួយថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថា នឹងបានជួបអ្នកនៅទីនេះ នៅប្រទេសជប៉ុនជាមួយនឹងការប្រកួតដ៏ធំមួយ»។
Manny Pacquiao បានងាកទៅមើលមុខប្រធាន Rizin Nobuyuki Sakakibara ដើម្បីសួរថា បើគាត់បង្ហើបឈ្មោះដៃគូតើមានបញ្ហាអ្វីអត់? ពេលនោះលោក Rizin Nobuyuki Sakakibara បានងក់ក្បាលហើយតបថា មិនអីទេគឺ Floyd Mayweather។ ភ្លាមនោះ Manny Pacquiao ក៏បាននិយាយទៅកាន់ទស្សនិកជនបន្តថា «បាទ! គឺជាមួយ Floyd Mayweather ខ្ញុំពិតជារំភើបចំពោះរឿងនេះ»។
នេះជាដំណឹងដ៏រីករាយមួយទៀតហើយសម្រាប់អ្នកគាំទ្រស្តេចប្រដាល់ហ្វីលីពីនរូបនេះ ព្រោះគិតមកទល់ពេលនេះមានរយៈពេលជិត៩ឆ្នាំហើយចាប់តាំងពីការជួបគ្នាលើកដំបូងរបស់ Pacquiao និង Mayweather ក្នុងព្រឹត្តិការណ៍”The Fight of the Century” នៅ Las Vegas ដោយកីឡាករអាមេរិកជាអ្នកទទួលបានជ័យជម្នះ។
គួររំឮកថា កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍ក្នុងឆ្នាំ២០២១ ជាមួយកំណត់ត្រាប្រកួតឈ្នះ ៦២ដង ស្មើ២ដង និងចាញ់៨ដង ខណៈឆ្នាំ២០២៤នេះ ក៏មានការប្រកួតមួយទៀតជាមួយអ្នកលេងគុនថៃ ប៉ួខាវ បេនចាមេក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅបាងកកប្រទេសថៃតែម្ដង៕