វិស័យគុនខ្មែរមិនស្រួលពេកទេ! ទើបអតីតប្រធានក្លិប និងគ្រូប្រដាល់រូបនេះ ទ្រាំលែងបានតទៀត…

កាលពីពេលថ្មីៗនេះ លោក ស៊ន អេលីត ប្រធានក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាគ្រូបង្វិកគុនខ្មែរមួយរួបដ៏មានប្រជាប្រិយភាពនៅកម្ពុជា សម្រេចចិត្តប្រកាសផ្ទេរកីឡាករទាំងអស់ក្នុងក្លិបរបស់ខ្លួនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ថោនវិញ និងបានបោះពាក្យសម្តីមួយឃ្លាដ៏គួរឱ្យចាប់អារម្មណ៍ថា “សូមជំរាបលាបងប្អូនមិត្តភក្តិក្លែងក្លាយទាំងអស់នៅក្នុងវិស័យគុនសម្តែង”។

តាមរយៈការផ្ទេរក្លិប និងកីឡាករឱ្យទៅស្ថានីយ៍ទូរទស្សន៍ថោនគ្រប់គ្រង ទាំងអារម្មណ៍មិនអស់ចិត្តដែរនោះ ស្រាប់តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ លោកបានផ្តល់បទសម្ភាសឱ្យសារព័ត៌មានក្នុងស្រុកមួយថា «ខ្ញុំចង់ដកខ្លួនចេញពីវិស័យមួយនេះសិន ដោយសារមានអារម្មណ៍ នឿយណាយ និងតានតឹងក្នុងវិស័យនេះ ដ្បិតមានបញ្ហាច្រើនមួយរយៈចុងក្រោយ»។

អតីតកីឡាករជម្រើសជាតិកីឡាប្រដាល់សកល និងតេក្វាន់ដូ WT រូបនេះ ក៏បង្ហាញការខកចិត្តដោយសារក្តីស្រមៃចង់នាំកីឡាប្រដាល់គុនខ្មែរឈានដល់ឆាកអន្តរជាតិប្រកដោយគុណភាព និងដើម្បីផ្សព្វផ្សាយទៅពិភពលោក បែរជាផ្ទុយស្រលះពីការចង់បានទៅវិញ។

លើសពីនេះលោក ស៊ន អេលីត បានប្រាប់ពីមូលហេតុមួយចំនួនជុំវិញការចាកចេញនេះទៀតថា៖ «មួយរយៈនេះមានបញ្ហាច្រើនពេកចំពោះខ្ញុំ ដែលកើតឡើងដោយសារបញ្ហាផលប្រយជន៍ ដែលធ្វើឱ្យខ្ញុំធុញទ្រាន់ និងធ្ងន់ខ្លួន រហូតសម្រេចចិត្តទម្លាក់ចោល ដោយការចាកចេញនេះ»។ នេះយោងបើតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

យ៉ាងណាមិញតាមរយៈប្រភពខាងលើនេះ លោកបានបញ្ជាក់ថា ប្រសិនបើខ្លួនមានឱកាសល្អសមរម្យណាមួយត្រឡប់ចូលវិស័យប្រដាល់គុនខ្មែរនេះវិញ លោកទំនងជាមិនជ្រើសរើសយកការបើកក្លិបប្រដាល់ ឬធ្វើជាគ្រូបង្វឹកឡើងវិញនោះទេ ប៉ុន្តែអាចធ្វើជា ដឹកនាំកីឡាករ (Promoter) ឱ្យឡើងប្រកួតវិញប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង