បើតាមតម្រុយនេះ អនាគតខេត្តស្វាយរៀងអាចនឹងមានពានរង្វាន់ជើងឯកកំពូលមួយទៀត ឆាប់ៗ..!
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានទម្លាយឲ្យដឹងពីបំណងចង់បង្កើតពានរង្វាន់ «ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)» ដើម្បីផ្តល់ឲ្យយុវជននៅខេត្តស្វាយរៀងទទួលបានឱកាសប្រកួតបាល់ទាត់កាន់តែច្រើនថែមទៀត។
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកជាសំណួរដល់បងប្អូនដែលស្រឡាញ់វិស័យកីឡាបាល់ទាត់នៅខេត្តស្វាយរៀងថា «ជូនដល់បងប្អូនវិស័យបាល់ទាត់ខេត្តស្វាយរៀង ខ្ញុំចង់បង្កើត ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup) តើបងប្អូនយល់យ៉ាងណាដែរ?
គួររំឮកថា ខេត្តស្វាយរៀងអាច ចាត់ទុកជាទីកន្លែងដែលឈានមុខគេ សម្រាប់សកម្មភាពបាល់ទាត់ បន្ទាប់ពីថ្នាក់ដឹកនាំនៅខេត្តមួយនេះបានបង្កើតពានរង្វាន់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ប្អូនៗដែលស្រឡាញ់ចូលចិត្តលេងបាល់ទាត់ ដោយជាពិសេសពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឈានដល់រដូវកាលទី៧ ដែលមានស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ និងស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំជាដើម។
សម្រាប់ពានរង្វាន់ Super Cup គឺជាការប្រកួតរវាងក្រុមជើងឯកជាមួយនឹងក្រុមជើងឯក ដើម្បីដណ្តើមពានរង្វាន់មួយ។ ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតពានរង្វាន់ Cambodian League Super Cup ដែលក្រុមជើងឯកលីគកំពូលកម្ពុជាប្រកួតជាមួយក្រុមជើងឯកពានសម្តេចតេជោហ៊ុនសែននៅបើករដូវកាល ឬដូចជានៅប្រទេសអង់គ្លេស និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោកក៏មានពានរង្វាន់លក្ខណៈបែបនេះដែរ។
ដូច្នេះសម្រាប់ក្រុមជើងឯកស្វាយរៀងខាប់អាយុក្រោម ១៨ឆ្នាំ និយាយដោយឡែក ពានរង្វាន់ Svay Rieng Super Cup អាចជាការប្រកួតរវាងក្រុមជើងឯកស្វាយរៀងខាប់ និងស្វាយរៀងខាប់អាយុក្រោម ១៨ឆ្នាំដែលទើបតែបញ្ចប់ទៅកាលពីចុងឆ្នាំ២០២៣នេះ៕
ប្រភព៖ កម្ពុជាថ្មី