លោកគ្រូក្បាច់គុនម្នាក់នៅឯស្រុកស្រែប្រាថ្នាថតភាពយន្តបង្ហាញក្បាច់គុនបុរាណខ្មែរតែពេលនេះ…!
លោកគ្រូក្បាច់គុនបុរាណខ្មែរ (យុទ្ធគុនខម) នៅឯស្រុកស្រែជនបទម្នាក់បង្ហាញឆន្ទៈចង់ថតភាពយន្តខ្មែរ បង្ហាញក្បាច់វាយតប តាមរយៈក្បាច់គុនដែលដូនតាខ្មែរបន្សល់ទុកមក ដើម្បីបង្ហាញដល់យុវជនខ្មែរជំនាន់ក្រោយ និងទៅកាន់ពិភពលោក ព្រោះមិនចង់ឲ្យក្បាច់គុនខ្មែរដ៏អស្ចារ្យរបស់ដូនតាចេះតែបង់ទៅបន្តិចម្ដងៗ ដោយអ្នកចេះចេះតែលាក់ទុក មិនហ៊ានបង្ហាញ រហូតស្លាប់ទៅតាមខ្លួនអស់តទៅទៀត។
លោក ជិន ជុន គ្រូយុទ្ធគុនខម ដែលជារឿយៗ តែងតែថតបង្ហាញក្បាច់គុនតាមរយៈបណ្តាញសង្គម ហ្វេសប៊ុក យូធូប ឈ្មោះ Khambo Warrior និងមានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រាប់ថា លោកបានប្រលូកចូលក្នុងវិស័យក្បាច់គុនតាំងពីក្មេងមកម្ល៉េះ និងនៅឆ្នាំ២០១៧ លោកបានចាប់ផ្តើមស្រាវជ្រាវ និងរៀនសូត្របន្ថែមពីគ្រូក្បាច់គុនល្បីៗមួយចំនួនបន្ថែមទៀត រហូតបច្ចុប្បន្នក្លាយជាគ្រូអាចបណ្តុះបណ្តាលដល់កូនសិស្សច្រើននាក់វិញផងដែរ។
កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ លោកគ្រូ ជិន ជុន បានឆ្លើយឆ្លងខ្ញុំបាទ ចេង ចំរើន ប្រធានផ្នែកផលិតមាតិកាផ្សាយ នៃអង្គភាពព័ត៌មាន MEDIA365 DAILY តាមរយៈសារអេឡិចត្រូនិកបណ្តាញសង្គមថា ផ្តើមឡើងពីការស្រលាញ់ចូលចិត្ត ចង់អភិរក្ស ថែរក្សា ចែករំលែកនូវក្បាច់គុនដូនតាខ្មែរដល់កូនខ្មែរជំនាន់ក្រោយផង ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ខ្មែរតាមរយៈសិល្បៈក្បាច់គុនផង និងយល់ថា ជាមាតិកាល្អ អាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយលើបណ្តាញសង្គមផង ទើបលោកសម្រេចចាប់ផ្តើមបង្ហាញ និងហាត់រៀនបន្ថែមជាបន្តបន្ទាប់មកដល់ពេលនេះ។
លោកគ្រូ យុទ្ធគុនខមរូបនេះបានឲ្យដឹងដែរថា ថ្វីត្បិតតែពេលនេះលោកទទួលបានប្រជាប្រិយភាពខ្លះដែរពីមហាជន និងជាគ្រូបណ្តុះបណ្តាលបានកូនសិស្សមួយចំនួនទៅហើយក្តី តែលោកនៅតែបន្តការហ្វឹកហាត់ពីបណ្តាគ្រូខ្លាំងៗ និងក៏ធ្លាប់ឡើងមកហាត់រៀននៅក្លិបខេមរៈខ្លាហោះនៅរាជធានីភ្នំពេញជាមួយលោកគ្រូ ចាន់ ប៊ុនធឿន អស់រយៈពេល ៨ឆ្នាំ ព្រមទាំងសិក្សាស្រាវជ្រាវជាច្រើនទៀត និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីស្វែងយល់ និងចេះដឹងពិតប្រាកដនៃក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យនេះ។
លោក ជិន ជុន បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះលោកបានបើកបង្រៀនសិស្ស ហើយអ្នកដែលមានមូលដ្ឋាននៅជិតទីតាំងរបស់លោកផ្ទាល់ស្ទើតែមិនយកថវិកា (អាចយកបន្តិចបន្តួច) ប៉ុន្តែសម្រាប់អ្នកមកពីចម្ងាយលោកថា យកចន្លោះពី ១៥ម៉ឺន ទៅ ២០ម៉ឺនរៀលក្នុង១ខែដែរ ដើម្បីបានថវិកាទប់ទល់និងជីវភាពប្រចាំថ្ងៃ ដោយទទួលសិស្សពី២ទៅ៤នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការយកចំណូលពីការបង្ហោះវីដេអូនៅលើបណ្តាញសង្គមនៅមិនទាន់បានចំណូលច្រើនទេ មួយខែបានត្រឹម ២០ដុល្លារអីប៉ុណ្ណោះ។
លោកគ្រូក្បាច់គុនបុរាណយុទ្ធគុនខមរូបនេះក៏មានចិត្តចង់បង្កើតក្លិបតូចល្មមមួយ សម្រាប់ទុកបង្ហាត់សិស្សឲ្យបានសមរម្យដែរ ខណៈបច្ចុប្បន្នមានត្រឹមកូនខ្ទមតូចមួយប៉ុណ្ណោះ លោកថាធ្វើតាមលទ្ធភាព តែអនាគតចង់កសាងក្លិបដែរ និងមួយវិញទៀត តាមឆន្ទៈរបស់លោកគ្រូ ចង់ប្រលូកចូលវិស័យភាពយន្តតាមរយៈការបង្ហាញក្បាច់គុនដ៏ពិតប្រាកដនេះ ទុកសម្រាប់យុវជនខ្មែររៀនសូត្រ និងថែរក្សាបន្តទៀត ជៀសវាងអ្នកជំនាន់មុនស្លាប់ កប់ចំណេះដឹង ក្បាច់គុនដែលចេះដឹងទៅតាមដែរ វាកាន់តែបាត់ទៅៗ ធ្វើឲ្យអ្នកជិតខាងគេចេះតែបំភ្លៃការពិតបាន។
តាមរយៈឃ្លីបវីដេអូរបស់លោកមួយធ្លាប់បានលើកឡើងថា ក្បាច់គុនដូនតាខ្មែរដ៏អស្ចារ្យនេះ គឺបង្កើតបានមកពីចលនារបស់មនុស្ស និងសត្វ តែអ្នកដែលលួចយកទៅប្រើមិនបានដឹងប្ញសគល់របស់ក្បាច់គុនខ្មែរនោះទេ មិនខុសពីការចិញ្ចឹមកូននោះទេ អ្នកដែលលួចកូនគេទៅចិញ្ចឹម អត់ស្គាល់អត្តចរិកដើម និងសាវតារបស់ឪពុកម្ដាយគេអស់ទេ អញ្ជឹងហើយបើកូនខ្មែរយើងភ្ញាក់រឭកឡើង ហើយបន្តការពារ ថែរក្សានូវរបស់យើងនោះ គឺក៏គេមិនចេះតែលួចចម្លងបានដោយស្រួលដែរ។
គួរបញ្ជាក់ថា លោកគ្រូ ជិន ជុន បានរៀបអាពាហ៍ពិពាហ៍នៅអំឡុងឆ្នាំ២០០៥ ហើយចំណងអាពាហ៍ពិពាហ៍របស់លោកបានបន្សល់ទុកនូវកូនស្រីតែម្នាក់គត់ ដោយនៅពេលនេះ នាងមានវ័យទើបតែ ១៧ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី១២។ លោកគ្រូគាត់ថា ដោយសារតែជីវភាពក្រីក្រពេក ទើបមិនមានលទ្ធភាពយកកូនច្រើនដូចគេ ហើយបច្ចុប្បន្ននេះកំពុងមានជម្ងឺផងដែរ ដែលជាប្រភេទជម្ងឺម្យ៉ាងប្រឆាំងទៅហ្នឹងរាងកាយខ្លួនឯង និងត្រូវឡើងមកព្យាបាលនៅទីក្រុងភ្នំពេញប្រចាំខែផងដែរ។
លោកថា ទៅមុខទៀតនូវមិនទាន់ដឹងថា អាចធ្វើអ្វីបានខ្លះបន្តទៀតទេ ប៉ុន្តែបើបំណងរបស់លោក ចង់បង្កើតក្លិបមួយ និងចង់ថតភាពយន្តដែលមានគុណភាព ដើម្បីផ្សព្វផ្សាយពីក្បាច់គុនខ្មែរទៅកាន់ពិភពលោក និងយុវជនជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់អំពីក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យនេះ មុនលោកបាត់បង់ទៅ (ស្លាប់)៕