ស្រីស្អាត លីលី ប្រាថ្នាឡើងប្រកួតគុនខ្មែរយ៉ាងតក់ក្រហល់ និងថាបើបានប្រកួតមែន នឹងមិនទៅអូស្ត្រាលីវិញនោះទេ!
កីឡាការិនីដ៏ថ្មីស្រឡាង នៃក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF របស់ឧកញ៉ា ស្រី ចាន់ថន ឈ្មោះ លីលី ដែលមហាជនកំពុងចាប់អារម្មណ៍ក្រោយនាងបានបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ដែលជាស្ត្រីមានកាយសម្បទាមាំមួនល្អ និងសម្រស់ស្រស់ស្អាតផងដែរនោះ តែមកចាប់អារម្មណ៍ចង់ហាត់គុនខ្មែរ និងប្រាថ្នាឡើងប្រកួតក្នុងពេលឆាប់ៗនេះថែមទៀត បើសិនជាអាចទៅរួច។
លីលីជា ជាស្ត្រីដ៏ខ្លាហានម្នាក់ និងមានចិត្តចង់ឡើងប្រកួតគុនខ្មែរក្នុងរយៈពេលហ្វឹកត្រឹមតែ១ខែនេះ ខណៈតាមគម្រោងវិសមកាលរបស់នាង នឹងត្រូវត្រលប់ទៅធ្វើការនៅប្រទេសអូស្ត្រាលីវិញនៅខែក្រោយ ប៉ុន្តែពេលវេលាមួយខែទៀតរបស់នាងនេះ គឺនាងសម្រេចចិត្តមកហាត់គុនខ្មែរត្រៀមឡើងប្រកួតតែម្ដង និងបើពិតជាបានឡើងប្រកួតមែននោះ អាចនឹងមិនទៅអូស្ត្រាលីវិញថែមទៀត។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លីលី បានបង្ហើបប្រាប់ Media 365 Daily ថា ខណៈពេលនេះ នាងកំពុងហ្វឹកហាត់គុនខ្មែរយ៉ាងយកចិត្តទុកដាក់បំផុត និងត្រៀមឡើងប្រកួតផងដែរ ដោយបញ្ជាក់ថែមទៀតថា បើសិនជាក្លិបចាប់គូឱ្យប្រកួតមែននោះ នាងនឹងមិនត្រលប់ទៅប្រទេសអូស្ត្រាលីវិញទេ ប៉ុន្តែបើអត់ទេ នាងនឹងឡើងទៅវិញ ព្រោះនៅប្រទេសអូស្ត្រាលីស្រួលរកលុយជាងនៅកម្ពុជា ហើយយ៉ាងហោចណាស់មួយខែនេះក៏បានហាត់គុនខ្មែរ និងបានយល់អំពីក្បាច់គុនខ្មែរសម្រាប់យកទៅអូស្ត្រាលីវិញដែរ។
កីឡាការិនីជើងថ្មីរូបនេះបន្តថា តាមពិតរយៈពេលមួយខែនេះ នាងត្រូវដើរលេងទៅកាន់តំបន់ទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងឡើងទៅប្រទេសអូស្ត្រាលីធ្វើការវិញ ប៉ុន្តែសុខចិត្តចូលមកហ្វឹកហាត់ក្បាច់គុនខ្មែរ និងចង់ឡើងសង្វៀនប្រកួតជាខ្លាំង ព្រោះថានោះជាអ្វីដែលនាងចង់ធ្វើតាមបេះដូងរបស់នាង និងក្បាច់គុននេះ នាងស្រលាញ់ពេញចិត្តមកយូរហើយ៕