ពហុកីឡដ្ឋានជាតិ អូឡាំពិក ខណៈពេលនេះកំពុងធ្វើការផ្លាស់ប្ដូរ ដំឡើងកៅអីថ្មី ដែលមានបង្អែក អាចផ្ទុកអ្នកទស្សនាបាន ៣០,០០០នាក់ ឲ្យស្របតាមគោលការណ៍ FIFA និង AFC

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ធ្លាប់បានបញ្ជាក់ពីផែនការដំឡើងកៅអីថ្មីដែលមានបង្អែកនេះថា៖ “ដើម្បីកែសម្រួលកៅអីដែលបានដាក់នៅពហុកីឡដ្ឋានជាតិដោយគណៈកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមិនត្រូវតាមស្តង់ដារបស់ AFC និង FIFA សម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិតម្រូវអោយមានកៅអីដែលមានបង្អែក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានស្នើទៅសហព័ន្ធកីឡាបាល់ទាត់ ASEAN Football Federation (AFF) ដើម្បីផ្តល់កញ្ចប់ថវិកាឧបត្ថម្ភក្នុងការផ្លាស់ប្តូរបំពាក់កៅអីដែលមានបង្អែកអោយស្របតាមស្តង់ដារបស់ AFC និង FIFA ។ ក្នុងនោះ ការប្រកួតពីមុនដែលពុំមានកៅអីមានបង្អែកដែលយើងបានរៀបចំការប្រកួតអន្តរជាតិកន្លងមក គឺក្រោមការអនុគ្រោះរបស់ AFC ដូច្នេះយើងអាចរៀបចំធ្វើការប្រកួតអន្តរជាតិបាន ។ ការបំពាក់កៅអីដែលមានបង្អែកថ្មីនេះតាមការស្នើសុំរបស់សហព័ន្ធ នឹងអនុញ្ញាតិអោយកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតផ្លូវការរបស់ AFC និង FIFA ដោយពុំបាច់ស្នើសុំអនុគ្រោះពី AFC ទៀតឡើយ”។

យ៉ាងណាមិញ ឈានចូលដល់ថ្ងៃទី១៨ ខែមករា នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីដំណើរការនេះការផ្លាស់ប្ដូរ និង ដំឡើងកៅអីដែលមានបង្អែកថា៖”នៅពេលនេះ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរ ដំឡើងកៅអីថ្មី មានបង្អែក ត្រូវតាមស្តង់ដា និងគោលការណ៍ FIFA និង AFC​ ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាព និងសោភណភាពល្អប្រសើរ។
ការរចនាបទថ្មី ជារចនាបថរួមគ្នា រវាងលោក ហោ មណីឬទ្ធិ ជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ និងកែសម្រួលពី អ្នករចនារបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការរចនា និងដំឡើងកៅអីថ្មីនេះ អាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន ៣០,០០០នាក់ គ្រោងនឹងបញ្ចប់ការដំឡើងនៅដើមឆ្នាំ ២០២៤នេះ ដែលកញ្ចប់ថវិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលជំនួយពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF)”។

អត្ថបទដែលជាប់ទាក់ទង