កីឡាករប្រេស៊ីលម្នាក់ទៀតហើយទទួលបានសញ្ជាតិខ្មែរ និងប្រើឈ្មោះស្រដៀងលោក សែន ច័ន្ទរិទ្ធីគុនថែមទៀត
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងចង្កោមអ្នកគាំទ្រគុនខ្មែរ និងសារព័ត៌មានកីឡាប្រដាល់គុនខ្មែរ ដោយមានផេក និងប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមជាច្រើន បានសម្តែងក្តីរីករាយ ជាពិសេសលោក រីកគី ពិធីករ និងជាប្រធានក្លិបខ្លារខិន ដោយកូនសិស្សរបស់ខ្លួនទទួលបានសញ្ជាតិខ្មែរ តាមរយៈការធ្វើសញ្ជតូបនីយកម្មពីព្រះមហាក្សត្រ។
តាមរយៈលិខិតត្រាស់បង្គាប់មួយសន្លឹកដែលលោកគ្រូ រីកគី ទទួលបានតាមរយៈសាអេឡិចត្រនិក បានដឹងថា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក អេឡិចសាន់ត្រូ បាទីស្តាឌឺមែនដុនកា (ALEXSANDRO BATISTA DE MENDONCA) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៥ នៅទីក្រុង Aquebrangulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដោយប្តូរឈ្មោះជា សែន ច័ន្ទរិទ្ធីសក្តិ (SEN CHANRITHYSAK)។
លោកគ្រូ រីកគី ដែលជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រងកីឡាករបរទេសខាងលើនេះ បានសម្តែងនូវក្តីរំភើបរីករាយ រហូតហូរទឹកភ្នែក ដោយបានលើកឡើងថា លោកស្ទើតែមិនគួរឱ្យជឿថា រឿងនេះអាចកើតឡើងចំពោះកូនសិស្សរបស់លោក និងបាននិយាយថា ជារឿងដែលលោកសប្បាយចិត្ត និងមានតម្លៃបំផុតក្នុងជីវិតរបស់លោកផ្ទាល់ ដោយបានផ្តួចផ្តើមរហូតទទួលបានសញ្ជាតិខ្មែរសម្រាប់ អេឡិចសាន់ត្រូ និងក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកបានមើលឃើញពីទេពកោសល្យ និងការលះបង់ចាកឆ្ងាយពីប្រទេសកំណើតរបស់អេឡិច ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរនៅកម្ពុជា។
ចំពោះលោក សែន ច័ន្ទរិទ្ធីសក្តិ ក្រោយទទួលបានដំណឹងដ៏រីករាយនេះ ក៏បានសម្តែងការដឹងគុណប្រមុខថ្នាក់ដឹកនាំប្រទេសតូចបេះដូងធំនេះដែរ ដោយលោកបានក្រាបថ្វាយបង្គំ៣ដង គ្រងទង់ជាតិកម្ពុជា និងលើកទង់ជាតិខ្មែរ រត់ស្រែកថា “កម្ពុជា កម្ពុជា…ប្រកបដោយទឹកមុខរំភើបរីករាយ រកអ្វីប្រៀបពុំបានផងដែរ។
គួររំឭកថា នេះជាកីឡាករទី២ ហើយ ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សញ្ជាតិ តាមរយៈការធ្វើសញ្ជាតូបនីយកម្មដល់ជនបរទេសដែលមានស្នាដៃលើវិស័យក្បាច់គុន និងជួយផ្សព្វផ្សាយគុនខ្មែរ ខណៈកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្រក៏ធ្លាប់បានផ្តល់សញ្ជាតិដល់លោក សែន ច័ន្ទរិទ្ធីគុន មានឈ្មោះដើមថា THIAGO TEIXEIRA MACHADO ជនជាតិប្រេស៊ីលដូចគ្នា និងលោកស្រី ROMA MARIA ROZANSKA STEFFEN ជនជាតិប៉ូឡូញ ត្រូវជាប្រពន្ធ៕