វិស័យបាល់ទះនៅកម្ពុជាកំពុងហក់ឡើងខ្លាំងមិនចាញ់បាល់ទាត់ និងកីឡាផ្សេងៗទៀតនោះទេ!

វិស័យបាល់ទះនៅកម្ពុជា ចាប់ផ្តើមលោតខ្លាំងនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ខណៈកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង។

នៅក្នុងពិធីចុះ MOU ខាងលើឯកឧត្តម ស សុខា មានប្រសាសន៍ថា ៖ “ខ្ញុំគិតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសហព័ន្ធកីឡាបាល់ទះបារាំងនៅពេលនេះពិតជាមានសារសំខាន់។ នេះគឺដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះ ជំនាញ ទាំងគ្រូបង្វឹក និងកីឡាករ ការហ្វឹកហាត់ទាំងនៅកម្ពុជា និងបារាំង ទាំងក្រុមបុរស នារី។ ខ្ញុំគិតថា កិច្ចសហការនេះនឹងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតទៀត បន្ទាប់ពីបាល់ទះកម្ពុជាកំពុងមានដំណើរការគួរឲ្យកត់សំគាល់”។

ចំណែកលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំងក៏លើកឡើងថា នេះជាលើកទី១ហើយ ដែលប្រទេសបារាំងបានចាប់ដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន។ ក្នុងនោះក៏បាន អរគុណដល់កម្ពុជាដែលបានទទួលក្រុមបាល់ទះជម្រើសជាតិបារាំងអាយុ១៩ឆ្នាំ សម្រាប់ការប្រកួតមិត្តភាពកាលពីដើមឆ្នាំ២០២៣កន្លងទៅ។

លោកបានលើកឡើងថា ៖ “បន្ទាប់ពីមានការប្រកួតមិត្តភាពរវាងក្រុមបារាំងអាយុ១៩ឆ្នាំជាមួយកម្ពុជា ជាលទ្ធផលក្រុម U19 បារាំងបានឈ្នះជើងឯកពិភពលោកអាយុក្រោម១៩ឆ្នាំ ហើយក្រុមកម្ពុជាទទួលបានមេដាយប្រាក់ពីកីឡាស៊ីហ្គេម។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីប្រកួតបែបនេះទៀត”។

ជាមួយគ្នានេះដែរ ក្រោយបានទស្សនាការប្រកួតលីគបាល់ទះកំពូលកម្ពុជាកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកថែមទៀតនោះ លោក Eric Tanguy ក៏បានកត់សំគាល់អំពីសមត្ថភាពរបស់កីឡាករបាល់ទះកម្ពុជាថា មានបច្ចេកទេសល្អ។ លោកជឿថា វិស័យកីឡាបាល់ទះកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។

រីឯលោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា គោលបំណងធំនៃការចុះអនុស្សរណៈយោគយល់គ្នានេះគឺដើម្បីផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងគ្រូបង្វឹក និងកីឡាករ។ ក្នុងនោះ ក៏ផ្តោតលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ដែរដែលស្របតាមគោលដៅរបស់សហព័ន្ធក្នុងអាណត្តិនេះ។

លោកបន្ថែមថា ៖ “យើងនឹងយកទិន្នន័យមកពីប្រទេសបារាំងពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដើម្បីធ្វើការវិភាគលើកីឡាករម្នាក់ៗ ការលេងជាក្រុម ក៏ដូចជាការប្រកួត។ យើងអាចអញ្ជើញអ្នកជំនាញបារាំងមកបណ្តុះបណ្តាលនៅកម្ពុជា។ យើងក៏អាចនាំគ្រូបង្វឹក និងកីឡាករកម្ពុជាទៅបោះហ្វឹកហាត់ជុំគ្នាជាមួយបារាំង ហើយក៏អាចអញ្ជើញក្រុមបារាំងមកហ្វឹកហាត់ជុំគ្នាជាមួយកម្ពុជា និងប្រកួតជាមួយគ្នា ហើយក៍នឹងមានការប្រកួតមិត្តភាពរវាងប្រទេសទាំងពីរផងដែរ”។

មិនត្រឹមតែប៉ុណ្ណោះ លោក អាំង សិរីពិសិដ្ឋ បន្ថែមថា ៖ “ភាគីបារាំងចង់ឲ្យយើងចូលរួមក្នុងលីគបាល់ទះដែលនិយាយភាសាបារាំង។ អីចឹងនៅពេលចូល យើងកាន់តែមានឱកាសក្នុងការចាប់ដៃគូជាមួយប្រទេសផ្សេងៗ។ ដូចបានជ្រាបហើយ បារាំងបានចុះ MOU ជាមួយជប៉ុន ហើយខ្ញុំនឹងជជែកជាមួយលោក Eric Tanguy ដើម្បីឲ្យលោកធ្វើជាស្ពានមួយដែលអាចឲ្យយើងទៅធ្វើកិច្ចការជាមួយជប៉ុន”៕

អត្ថបទដែលជាប់ទាក់ទង