អីយ៉ា តាមដំណឹងក្តៅៗ កំពូលអ្នកលេងអំបោះឆៅ ធន់ រិទ្ធី ៩៩% នឹងជួប សៃយុគ វាយនៅខ្មែរទៀត!

កីឡាករ ធន់ រិទ្ធី ត្រូវបានអ្នកគាំទ្រដាក់រហ័សនាមឱ្យថា ជាកំពូលអ្នកលេងអំបោះឆៅ ឬអធិរាជអំបោះឆៅ បន្ទាប់ពីកំពូលជើងខ្លាំងគុនខ្មែររូបនេះ បានផ្តូលកីឡាករថៃជាច្រើនរូប ក្នុងនោះក៏មាន សាមី បេកចាមេក ខណៈម្សិលមិញនេះនៅសង្វៀនគ្រុឌគុនខ្មែរ លើទឹកដីខេត្តក្រចេះ ក៏បានផ្តូលដៃគូ កីឡាករអីរ៉ង់ ហ្គូលី ហ្សាដាច់ ដែលត្រូវអាជ្ញារកណ្តាលបញ្ឈប់ត្រឹមពាក់កណ្តាលទឹក៣ថែមទៀត។

ដំណឹងមួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺជើងខ្លាំងគុនខ្មែររុំអំបោះឆៅរូបនេះ ត្រូវបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នឹងទៅអញ្ជើញដោយផ្ទាល់ កីឡាករថៃ សៃយុគ ផុមផាន់មួង ដែលធ្លាប់ផ្តូលរូបគេឱ្យបោះបង់ការប្រកួតលើសង្វៀនថៃហ្វៃនាពេលកន្លងមក ដើម្បីមានឱកាសសងសឹកវិញផងដែរ។

តាមរយៈការលើកឡើងរបស់កីឡាកររូបនេះ តាមរយៈផេក 25 Sport បានបញ្ជាក់ថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាម្ចាស់ក្រុមហ៊ុនខ្មែរដ៏ល្បី នឹងទៅអញ្ជើញសៃយុគដោយផ្ទាល់ និងការប្រកួតអាចនឹងធ្វើឡើងនៅអំឡុងពេល ៣សប្តាហ៍ខាងមុខទៀតនេះ ដោយរៀបចំឡើងនៅជាយដែន លើទឹកដីកម្ពុជាតែម្តង។

ធន់ រិទ្ធី បញ្ជាក់ថា ជំនួបនេះ ភាគរយជួបគ្នា ៩៩% លើ ១០០% ដូច្នេះទស្សនិកជនអ្នកគាំទ្រ នឹងបានសប្បាយភ្នែកទស្សនាទៀតហើយរវាងគូសងសឹក ធន់ រិទ្ធី និងកីឡាករថៃ សៃយុគ។ បើសិនជាមានការប្រកួតជាមួយធន រិទ្ធី មែននោះ ហើយសៃយុគ ពិតជាមកប្រកួតលើទឹកដីកម្ពុជាមែននោះ ជំនួបសងសឹក ជាមួយ ធឿន ធារ៉ា ចាំមើលកីឡាករថៃរូបនេះ នឹងចង់ធ្វើយ៉ាងមេចដែរ ដឹងតែមានអ្វីប្លែកទៀតហើយបើបែបនេះមែននោះ៕

អត្ថបទដែលជាប់ទាក់ទង