អ្នកលេងជើងរន្ទៈ Superlek យកកំណត់ត្រាឈ្នះជិត៣ឆ្នាំ និងខ្សែក្រវាត់មួយដាក់ឱ្យជប៉ុនរូបនេះដណ្តើមនៅថ្ងៃអាទិត្យ
ម្ចាស់កំណត់ត្រាមិនដែលចាញ់ជិត៣ឆ្នាំកីឡាករ Superlek ដាក់ខ្សែក្រវ៉ាត់ឱ្យ Takeru ជប៉ុនដណ្តើមលើទឹកដីជប៉ុនផ្ទាល់ តាមរយៈការប្រកួតក្បាច់គុនកីឡាឃីកបុកស៊ីង ដោយធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈជើងខ្លាំងថៃរូបនេះ រក្សាកំណត់ត្រាឈ្នះជិត៣ឆ្នាំ មិនដែលចាញ់សោះ និង១០ប្រកួតចុងក្រោយនេះ ជួបសុទ្ធតែកំពូលមនុស្ស។
អ្នកប្រដាល់វ័យ ២៨ឆ្នាំ ដែលជំនាញប្រើជើងទាត់រូបនេះកំពុងមានកំណត់ត្រាល្អ ដោយ១០ប្រកួតចុងក្រោយមិនទាន់ស្គាល់បរាជ័យម្ដងនៅឡើយទេ។ ស្ថិតិ១០ប្រកួតចុងក្រោយរបស់គេបានយកឈ្នះកីឡាករ Rungkit ជាជនជាតិថៃដូចគ្នាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បន្តយកឈ្នះមិត្តរួមជាតិ Superballផងដែរ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ Superlek បានយកឈ្នះកីឡាករជប៉ុន Taiki Naito ក្នុងកម្មវិធី ONE 157 នៅប្រទេសសិង្ហបុរី ហើយនៅខែសីហាឆ្នាំដដែលនេះ រូបគេបានផ្ដួលឲ្យកីឡាករប្រេស៊ីល Walter Goncalves ឲ្យបង់បោះការប្រកួតក្នុងទឹកទី១ នៅសង្វៀន ONE និងចុងឆ្នាំ២០២២ រូបគេបានយកឈ្នះមិត្តរួមជាតិ Panpayak នៅសង្វៀន ONE ក្នុងប្រទេសហ្វីពីលីន។
ដើមឆ្នាំ២០២៣ Superlek បានយកឈ្នះកីឡាករអេស្ប៉ាញ Daniel Puertas នៅសង្វៀន ONE ក្នុងប្រទេសថៃ ខណៈក្នុងខែមីនា រូបគេក៏បានផ្ដួលកីឡាករអូស្រ្ដាលី Danial Williams ឲ្យបោះបង់ការប្រកួតនៅសង្វៀន ONE ប្រទេសសិង្ហបុរីថែមទៀត។
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ Superlek បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនទៀត តាមរយៈការផ្ដួលកីឡាករកូនកាត់ថៃ-អាល់ហ្សេរី Nabil Anane ឲ្យបង់បោះការប្រកួតនៅទឹកទី១ ហើយនៅថ្ងៃទី១៥ ខែកក្ដដា និងបន្តយកឈ្នះកីឡាកររុស្ស៊ី Tagir Khalilov ដោយអាជ្ញកណ្ដាលបញ្ឍប់ការប្រកួតក្នុងទឹកទី២ និងចុងក្រោយបំផុតបានយកឈ្នះកីឡាករជើងខ្លាំងមិត្តរួមជាតិ Rodtang ដោយពិន្ទុជាឯកច្ឆន្ទ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។
រង់ចាំតាមដានទាំងអស់គ្នាថា Superlek អាចបន្តកំណត់ត្រាឈ្នះនេះបន្តទៀត និងការពារខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ONE flyweight របស់ខ្លួនបានឬយ៉ាងណា ខណៈការប្រកួតនាថ្ងៃអាទិត្យ ទី២៨ខែមករានេះ កាន់តែកៀកហើយ ដោយជួបជើងខ្លាំងម្ចាស់ផ្ទះជប៉ុន Takeru ក្នុងកម្មវិធី ONE 165 នាទីក្រុងតូក្យូ៕