អាចទេ សៀង ចន្ធា នឹងមកប្រកបអាជីពនៅកម្ពុជាវិញ
ខ្សែប្រយុទ្ធ សៀង ចន្ធា បន្ទាប់ពីបានទៅចូលរួមជាមួយក្លិបបាល់ទាត់ Al Shahaniya មួយរយៈពេលនេះ លេចឮដំណឹងថា រូបគេបានចែកផ្លូវគ្នាជាមួយក្លិបដែលស្ថិតនៅលីគទី២ របស់ប្រទេសកាតាហើយ ក្រោយពីចូលរួមបានមួយរដូវកាលក្នុងលក្ខខណ្ឌខ្ជីជើងពីក្លិបបាល់ទាត់បឹងកេត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយកាលនោះរូបគេបានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ដែលអាចទៅប្រកបអាជីពបាល់ទាត់នៅទឹកដីអារ៉ាប់។
ជាការពិតណាស់ សៀង ចន្ធា អំឡុងពេលលេងនៅប្រទេសកាតារូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អដែលអាចជួយឲ្យក្រុម Al Shahaniya ឲ្យឈរនៅកំពូលតារាងលីគលំដាប់ទី២ Qatari Second Division ដែលមាន ១៨ពិន្ទុ ក្នុងចំណោម ៨ប្រកួត ឈ្នះ៥លើក ស្មើ៣លើក ចាញ់១លើក គិតត្រឹមសប្ដាហ៍ទី៨ ហើយថ្មីៗក្លិប Al Shahaniya ក៏បាននាំចូលកីឡាករ ២រូបបន្ថែមទៀត គឺ កីឡាករសញ្ជាតិអេស្ប៉ាញ Marc Muniesa និង កីឡាករសញ្ជាតិអាហ្សង់ទីន Manuel Panaro។
គួរបញ្ជាក់ថា កីឡាករ សៀង ចន្ធា អាចនឹងចូលរួមជាមួយក្លិបបឹងកេត វិញសារជាថ្មីបន្ទាប់ពីត្រូវបានគេប្រទះឃើញរូបគេបានទៅទស្សនាការប្រកួតរវាងក្រុមបឹងកេត ប៉ះជាមួយ សៀមរាប នៃពានរង្វាន់សម្ដេច ហ៊ុន សែន លើសពីនេះទៅទៀត ចន្ធា ក៏បានទៅហ្វឹកហាត់ជាមួយអតីតមិត្តរួមក្រុមបឹងកេតរបស់ខ្លួនទៀតផង៕