កាន់តែច្បាស់! សៀង ចន្ធា នឹងត្រលប់មកហ្វឹកហាត់ជាមួយក្រុមបឹងកេតក្នុងពេលឆាប់ៗនេះ
អគ្គលេខាធិការក្លឹបបាល់ទាត់បឹងកេត លោក បែ មករា បានចេញមុខមកបញ្ចាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងរវាងក្លឹបបឹងកេត និងក្លឹប Al Shahaniya ប្រទេសកាតា ក្នុងលក្ខខណ្ឌខ្ចីជើងខ្សែប្រយុទ្ធ សៀង ចន្ធាត្រូវបានបញ្ចប់ជាស្ថាពរខណៈ ចន្ធានឹងត្រលប់មកជំរំហ្វឹកហាត់របស់ក្រុមក្នុងឆាប់ៗនេះខាងមុខនេះ។
លោក បែ មករា បាននិយាយច្បាស់ថា៖”ច្បាស់ណាស់! សៀង ចន្ធា បានផ្លាស់ទៅកាន់ក្លឹប Al Shahaniya ក្នុងលក្ខខណ្ឌខ្ចីជើងពីបឹងកេត ពោលគឺរូបគេនៅតែជាកីទ្បាករបស់ក្លឹបដើមពេញសិទ្ធិដដែល។ ដោយទ្បែក ការលេងរបស់ សៀង ចន្ធា គឺមិនមានបញ្ហាទេ។ សៀង ចន្ធា បានលេងជារឿយៗ និងជួយរកគ្រាប់បាល់សម្រាប់ក្រុមបានផងដែរ។ ប៉ុន្តែអ្វីជាបញ្ហារបស់គេ គឺពិបាកសម្របខ្លួនក្នុងការរស់នៅទីនោះដោយសារអាកាលធាតុក្ដៅ និងបញ្ហារបបអាហារ។ ចន្ធា ក៏បានស្នើសុំក្លឹបយករូបគេត្រឡប់មកកម្ពុជាវិញ តាំងពីពេលចប់ជុំទី១ មកម្ល៉េះ ប៉ុន្តែប្រធានក្លឹប លោកស្រី ពុធ ធីតា ជំរុញក៏ដូចជាលើកទឹកចិត្តរូបគេ ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះ នៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូង។ យ៉ាងណា ឥឡូវនេះក្លឹបបឹងកេត និង Al Shahaniya បានព្រមព្រៀងគ្នាទៅវិញទៅមក និងបាននាំយក សៀង ចន្ធា ត្រលប់មកកម្ពុជាវិញ។ ដូច្នេះ សៀង ចន្ធា នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមឆាប់ៗនេះ”។
គួរបញ្ចាក់ថាខ្សែប្រយុទ្ធសៀង ចន្ធា ត្រូវបានគេប្រទះឃើញរូបគេបានទៅទស្សនាការប្រកួតសម្តេចថ្នាក់ជាតិលើកទី១៧ រវាងក្រុមបឹងកេត ដែលពួកគេឈ្នះលើសៀមរាប ៤-០ នៅឯពហុកីទ្បដ្ឋានជាតិ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ សៀង ចន្ធា ជាកីទ្បាករខ្មែរទី១ ដែលបានទៅប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសកាតា ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបឹងកេត កាលពីខែកក្កដា ឆ្នាំ២០២៣។
អត្ថបទ៖លោកង៉ាត់យ៉ែមលីម៉េង