អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នឹងប្រារព្វពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ
ពិតណាស់ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជន ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ ពីបុរាណមិនដែលអាក់ខានឡើយ។ ពិធីចាប់ត្រីរួមគ្នានេះដែរ គឺធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិរួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រី រួមគ្នាមួយឆ្នាំម្តងក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។
ក្នុងពិធីបុណ្យនេះ អ្នកភូមិចុះចាប់ត្រីព្រមគ្នានៅវេលាម៉ោងកំណត់ ដែលឆ្នាំនេះ នឹងចុះនៅម៉ោង៦កន្លះព្រឹក ដោយប្រើឧបករណ៍នេសាទបែបប្រពៃណីដូចជាសំណាញ់ អង្រុត និងឈ្នាងជាដើម ក្រោយចាប់ត្រីបានហើយនោះ គឺអ្នកភូមិយកទៅធ្វើជាចង្ហាន់ ប្រគេនព្រះសង្ឃនៅក្នុងពីធីឡើងមាឃនិងយកមកអាំងហូបជុំគ្នាដោយភាគច្រើនអ្នកភូមិបានយកឆ្នាំង និងវេចបាយពីផ្ទះ ដើម្បីមកហូបជុំគ្នាយ៉ាងសប្បាយរីករាយលក្ខណៈបែបគ្រួសារ និងសហគមន៍។
សូមជម្រាបថា សម្រាប់ពិធីចាប់ត្រីរួមគ្នាដែលធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ គឺមានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចុះនេសាទត្រីបាន៕