ផុតទុក្ខភ័យហើយ ! រាជរដ្ឋាភិបាល នឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដើម្បីចេញដំណើរមកទឹកដីកំណើតវីញ

កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះមានគណនី Facebook ឈ្មោះ Ry Single បានបង្ហោះវីដេអូរៀបរាប់ពីស្ថានភាពដែលពលការិនីខ្មែរចំនួន ២៩នាក់ត្រូវបានម្ចាស់ក្រុមហ៊ុនមួយនៃប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ឃុំនៅក្នុងបន្ទាប់ដោយបង្អត់បាយ និងដកហូតទូរស័ព្ទចេញទាំងអស់ ប៉ុន្តែសំណាងល្អមួយក្នុងមួយរយ ដោយមានពលការិនីខ្មែរម្នាក់មានទូរស័ព្ទចំនួនពីរគ្រឿង បានយកលាក់ទុកមួយទើបអាចថតជាវីដេអូបង្ហោះនៅលើបណ្ដាញសង្គមដើម្បីសុំជំនួយ ដោយបានភ្ជាប់មកជាមួយ Caption ថា «ឥឡូវពួកខុំគេដកទូរស័ព្ទនិងឃុំបន្ទាប់តែមួយហើយ សូមជួយពួកខុំឲ្យទាន់ពេលផង នេះពួកខ្ញុំលួចទុកទូរស័ព្ទបានមួយប្រើបានសូមជួយខុំលឿនៗផងសម្ដេចពុក »។

ខណៈនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។

ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឲ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ក្នុងនោះរាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង