អ៊ីយ៉ាស់! Real Madrid មើលឃើញកីឡាករម្នាក់ជំនួស Benzema

ក្លិប Real Madrid កំពុងសម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្រុម Espanyol កីឡាករ Joselu ដើម្បីមកជំនួសតំណែង Karim Benzema នេះបើយោងតាមការចេញផ្សាយសារព័ត៌មានអេស្ប៉ាញ Relevo។

ជាការពិតណាស់ មកទល់នឹងពេលនេះ ក្រុមស្ដេចសរបានកំណត់គោលដៅរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីដើម្បីបម្រុងទុក និងប្រកួតប្រជែងជាមួយ Benzema ។ យោងតាមរបាយការណ៍បានឱ្យដឹងថាកីឡាករវ័យ ៣៣ឆ្នាំបានក្លាយជាគោលដៅសម្រាប់នាំយកមកកាន់ទឹកដី Santiago Bernabeu។ ទោះយ៉ាងណា Real Madrid មិនទាន់បើកកិច្ចពិភាក្សាជាមួយ Espanyol ជុំវិញកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែគួរឲ្យកត់សម្គាល់ថា Joselu បានចំណាយពេល 3 ឆ្នាំនៅចន្លោះឆ្នាំ 2009 និង 2012 ជាមួយឈុត B របស់ Real Madrid និងបានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួនពីរលើកក្នុងអំឡុងពេលនោះ។

គួរបញ្ជាក់ថា កីឡាករ Joselu បានចូលរួមជាមួយ Espanyol ពីក្រុម Alaves ដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៤លើកក្នុង ៣៥ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង