WOW! ឈឿង ល្វៃ និងទទួលបានម៉ូតូមួយគ្រឿងភ្លាម បើឈ្នះគូសត្រូវចាស់ សាមី បានឆាមេក…

ម្ចាស់ក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក លោកឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភម៉ូតូធំមួយគ្រឿង ដល់កីឡាករ ឈឿង ល្វៃ ប្រសិនបើរូបគេប្រកួតសងសឹកឈ្នះលើកីទ្បាករថៃ សាមី បានឆាមេក ដែលត្រូវធ្វើទ្បើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈការប្រកួតលើកទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានបរាជ័យក្រោមស្នៀតជើងពិឃាតរបស់អ្នកលេងមួយថៃ សាមី បានឆាមេក ត្រឹមទឹកទី ៤ ។

កាលពីប្រកួតលើកទី១ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីខេត្តសៀមរាប អ្នកលេងគុនខ្មែរ និងអ្នកលេងមួយថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដែលនិយមតាមដានទស្សនាវិស័យកីឡាប្រដាល់ក្នុងស្រុក និងក្រៅស្រុក អ្វីដែលពិសេសនោះ សម្រាប់គូនេះ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានវាយកែងសន្ធាប់ឲ្យលោកអាជ្ញាកណ្ដាលរាប់ អ្នកលេងមួយថៃ សាមី បានឆាមេក ម្ដង ក្នុងទឹកទី៣ ប៉ុន្តែអ្នកលេងមួយថៃនេះ ហាក់ទប់ជំហរបាន និងព្យាយាមទាត់ជើងក្រោមទៅលើកីឡាករ ឈឿង ល្វៃ វិញ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់អ្នកលេងគុនខ្មែរវិញម្ដង ក្នុងទឹកដដែល។

យ៉ាងណាមិញ នៅចុងទឹកទី៣ កីឡាករ ឈឿង ល្វៃ បានទាត់​កញ្ចឹង-​ក ទៅលើ​ សាមី បានឆាមេក ធ្វើឲ្យ​​លោកអាជ្ញា​កណ្តាល​រាប់ ជាលើកទី២ មុននិងចប់ទឹក លុះចូលដល់ទឹកទី៤ អ្នកលេងមួយថៃ ហាក់ដឹងចំណុចខ្សោយរបស់កីឡាករ ឈឿង ល្វៃ និងបានទាត់បំបែកកង់ឲ្យកីឡាករ ឈឿង ល្វៃ ដើរលែងរួច និងបានបោះបង់ចោលការប្រកួតតែម្ដង ចាប់តាំងពីពេលនោះមក អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្អាកទ្បើងលើសង្វៀងមួយរយៈ ដោយសាររូបគេ ត្រូវ​ហ្វឹក​ហាត់ ​​ដើម្បី​ប្រកួត​ឃីក​បុក​ស៊ីង ​ក្នុង​កីឡា​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដោយជាលទ្ធផល ឈឿង ល្វៃ ក៏ទទួលបានមេដាយមាស លើ​​ទម្ងន់​៧១​ គីឡូក្រាម បន្ទាប់ពីយកឈ្នះលើកីទ្បាករថៃក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយបច្ចុប្បន្ន អ្នកគាំទ្របានផ្គូរផ្គងកីឡាករទាំងពីរនាក់ ឲ្យជួបគ្នាម្ដងទៀត ដើម្បីជម្រះបញ្ជីចាស់។

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង អ្នកលេងគុនខ្មែរ ឈឿង ល្វៃ និងអ្នកលេងមួយថៃ សាមី បានឆាមេក និងត្រូវប្រកួតគ្នានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយការប្រកួតលើកនេះមានតែ ៣ទឹក ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង