ពាក្យថ្មី «សហគ្រិនល្អ គឺជាជនស្នេហាជាតិ» កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន

រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មជាច្រើននៅក្នុងអាណត្តិថ្មីនេះ កំពុងចាប់អារម្មណ៍យ៉ាងផុលផុសក្នុងការចូលរួមសកម្មភាព ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាស្ថាបនិក នាំឲ្យកម្ពុជា មានសុខសន្តិភាពរហូតដល់សព្វថ្ងៃ និងជាពិសេសចូលរួមគាំទ្រក្នុងយុទ្ធនាការត្រៀមរៀបចំបោះឆ្នោតសម្រាប់អាណត្តិទី៧ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម ហឿន សំនៀង ប្រធានសាខាសាមគ្គី និងជាអនុប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បន្ទាប់ពីបានដឹកនាំម្ចាស់អាជីវកម្ម និងក្រុមយុវជនគាំទ្រទៅលើគណបក្សប្រជាជនកម្ពុជាប្រជុំ និងសំណះសំណាលអំពីកិច្ចការក្នុងផែនរបស់ខ្លួន កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ នៅទីតាំងវិទ្យាស្ថាន CEO ចំការដូង ឯកឧត្តមបានរំលឹកអំពីពាក្យថា «សហគ្រិនល្អ គឺជាជនស្នេហាជាតិ» ដែលពាក្យនេះត្រូវបានគាំទ្រខ្លាំងពីសមាជិកសមាជិកា ព្រមទាំងមោទកភាពសម្រាប់អនាគតរបស់កម្ពុជា ដែលត្រៀមខ្លួនធ្វើជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

បញ្ចវ័នខ្មែរចប់អនុបណ្ឌិតជំនាញរដ្ឋបាលសាធារណពីសាកលវិទ្យាល័យ ហាវ៉ើត នៃសហរដ្ឋអាមេរិក និងជាប្រធានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនរូបនេះបានឲ្យដឹងថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ឆ្ពោះទៅដល់គោលដៅឆ្នាំ២០៥០ ធ្វើជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ លុះត្រាផ្តើមចេញពីកម្ពុជា មានសហគ្រិនល្អ ហើយ «សហគ្រិនល្អ គឺជាជនស្នេហាជាតិ» ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវមានស្មារតី ឆន្ទ: មនសិកា គោរព ស្រឡាញ់ ស្មោះត្រង់ លះបង់បូជាជូនជាតិមាតុភូមិ និងមានសមត្ថភាពក្នុងការបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន។

គួររឭកថា ពាក្យថា «សហគ្រិនល្អ គឺជាជនស្នេហាជាតិ» គឺជាពាក្យគន្លឹះថ្មីមួយ ដែលបង្កើតឡើងដោយប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកបណ្ឌិត អោម សេង បូរ៉ា ដោយមានម្ចាស់សហគ្រាស និងយុវជនស្នេហាជាតិ ជាច្រើនបានហក់ឡើងនូវសន្ទុះគាំទ្រយ៉ាងកំហុកទូទាំងប្រទេស ព្រមទាំងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៧នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង