ខ្មែរអាចធ្វើបាន! ពេលនេះឧកញ៉ា ស្រី ចាន់ថន ត្រៀមផលិតអាវគុនខ្មែរដោយកូនខ្មែរតែម្ដង
យោងតាមសំណេរឧកញ៉ា ស្រី ចាន់ថន ដែលមាននាមក្រៅមួយទៀតថា ឧកញ៉ាគុនខ្មែរ ជាអ្នកគាំទ្រ និងជ្រោមជ្រែងលើកកម្ពស់ក្បាច់គុនដូនតាខ្មែរ ជាពិសេសមួយរយៈចុងក្រោយនេះ លោកបានជ្រោមជ្រែងកីឡាករគុនខ្មែរជាច្រើនរូប និងកំពុងបង្កើតក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោកផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យគុនខ្មែរឲ្យកាន់តែល្បីល្បាញទៅកាន់ទីផ្សារអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះ នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឧកញ៉ាចិត្តធម៌រូបនេះ ក៏បានប្រកាសរឿងដ៏មោទកភាពមួយទៀត គឺលោកត្រៀមផលិតអាវគុនខ្មែរ ដែលជាម៉ាកយីហោរបស់កូនខ្មែរ និងបង្កើតឡើងដោយកូនខ្មែរដោយផ្ទាល់ ក្នុងគោលបំណងបង្ហាញឲ្យឃើញនៅអត្តសញ្ញាណប្រជាជាតិខ្មែរ ទៅកាន់ទីផ្សារពិភពលោក និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់កូនខ្មែរ រួមមានផ្តល់ការងារធ្វើបន្ថែមទៀតដល់កម្មករ កម្មការិនីឲ្យមានប្រាក់ចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជូនជាតិផងដែរ។
គួរបញ្ជាក់ថា ឧកញ៉ា ស្រី ចាន់ថន ក្រៅពីមានមុខជំនួញរកស៊ីជាច្រើនមុខ លោកក៏ជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងជាម្ចាស់ក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលជាក្លិបថ្មីទើបតែបង្កើតឡើងនៅអំឡុងពេលថ្មីៗកន្លងមកនេះ ដែលកំពុងសាងសង់សម្រេចបានប្រមាណជាង ៨០ ភាគរយហើយ ក្នុងនោះលោកបានបង្កើតឲ្យមានកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនី កន្លែងហ្វឹកហាត់ អមដោយបរិយាកាសស្រស់ស្រាយ ព្រមទាំងបានប្រមូលយកកីឡាករជើងខ្លាំងជាច្រើនរូប ចូលជាសមាជិករបស់ក្លិបមួយនេះ និងត្រៀមតែសម្រេច ១០០% ដើម្បីបើកទំព័រថ្មីដោយផ្ទាល់តែប៉ុណ្ណោះ៕