ជើងខ្លាំងគុនខ្មែរ ៦រូប ដែលមានខ្សែក្រវាត់ ៤គ្រឿងឡើងទៅ កំពុងសកម្មនៅលើសង្វៀន

កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​កម្រិត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​គ្រឿង ប៉ុន្តែ​កីឡាករ​ខ្លះ​បាន​ចូល​និវត្តន៍​ក្លាយ​ជា​គ្រូ​បង្វឹក ខណៈ​អ្នក​ខ្លះ​នៅ​បន្ត​អាជីព​ប្រដាល់ដល់​រាល់​ថ្ងៃ​នេះ ខាង​ក្រោមនេះ​ជាកីឡាករ​គុន​ខ្មែរ​ ៦​រូប​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ចាប់​ពី​ ៤​គ្រឿង​ឡើងទៅ និង​កំពុង​បន្ត​អាជីព​សកម្ម​នៅលើ​សង្វៀន​ដល់​សព្វ​ថ្ងៃ។

.រឿង សោភ័ណ្ឌ ជា​កីឡាករ​ម្នាក់​ដែល​​អាច​និយាយ​បាន​ថា បាន​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ស្រករ​គ្នា ដោយរូបគេបានឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​ ៦​គ្រឿង​ក្នុង​អាជីព ក្នុងនោះមានដូចជា៖ ខ្សែ​ក្រវាត់អាស៊ីអឺរ៉ុប ខ្សែ​ក្រវាត់ស្រាបៀរកម្ពុជា ខ្សែ​ក្រវាត់អន្តរជាតិ ​គោជល់​វគ្គ​៤​ ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ ខ្សែ​ក្រវាត់​នៅ​ប្រទេស​បារាំង និងខ្សែ​ក្រវាត់​អន្តរជាតិ គោជល់​វគ្គ​៨។

.ផល សោភ័ណ្ឌ ជា​​កីឡាករ​​ដែល​រក្សា​គុណភាព និង​សមត្ថភាព​បាន​យូរ​​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​អាជីព​របស់​ខ្លួន រហូត​ដល់​ពេល​នេះ​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​ដែល​ភាគ​ច្រើន​គឺ​ជា​ខ្សែ​ក្រវាត់​លំដាប់​អន្តរជាតិ ក្នុងនោះមានដូចជា៖ ខ្សែ​ក្រវាត់ គ្រុដគុន​ខ្មែរអន្តរជាតិ ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ IPCC ខ្សែ​ក្រវាត់អន្តរជាតិ ខារ៉ាបាវ​ ២គ្រឿង និងខ្សែ​ក្រវាត់ ​ស្រាបៀរ​កម្ពុជា​។

.ធឿន ធារ៉ា ជា​កីឡាករ​ដែល​ល្បី​ឈ្មោះ​ចេញ​ពី​ប្រទេស​ថៃ និង​បាន​អង្រួន​សង្វៀន​គុន​ខ្មែរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូប​គេ​បាន​ចូល​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ អេ ភូថង ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ ៤​គ្រឿងគឺ ខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ IPCC ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ និងខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព។

.ព្រំ សំណាង ជា​កីឡាករ​ទម្ងន់​ធ្ងន់​​របស់​កម្ពុជា​ដែល​ទើប​តែ​​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​គេ​សព្វ​ថ្ងៃ​នេះ​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​អន្តរជាតិ​ចំនួន​ ៤គ្រឿង​គឺ ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIF ខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ និងខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព។

.ឡៅ ចិត្រា ក៏​ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដែរ ប៉ុន្តែ​ប្រហែល​ជា​ពី​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​សូវ​មាន​សមិទ្ធផល​អ្វី​គួរ​ឲ្យ​កត់​សំគាល់​នោះទេ ក្រៅ​ពី​មេដាយ​មាស​ស៊ីហ្គេម ថ្ងៃ​នេះនិង​បង្ហាញ​ខ្សែ​ក្រវាត់​ ៤​គ្រឿង​ដែល​រូប​គេ​បាន​​ឈ្នះ​គឺ ខ្សែ​ក្រវាត់​អន្តរជាតិ ខារ៉ាបាវ ឆ្នាំ​២០១៨ ខ្សែ​ក្រវាត់​មាស​នៅ PNN ឆ្នាំ​២០១៩ ខ្សែ​ក្រវាត់​ប្រាក់ នៅ PNN ឆ្នាំ​២០១៩ និងខ្សែក្រវាត់​ប្រាក់ទី១ របស់ PNN ឆ្នាំ​២០១៩។

.ឡៅ ចន្ទ្រា ទទួល​បាន​ជោគជ័យ​ខ្លាំង​កាល​ពី​ទម្ងន់​នៅ​ស្រាល ប៉ុន្តែ​នៅ​ពេល​ទម្ងន់​ឡើង​ធ្ងន់ រូប​គេ​មិន​សូវ​ទទួល​បាន​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ទេ យ៉ាង​ណាមិញ​ ថ្ងៃ​នេះ​និង​បង្ហាញ​ខ្សែ​ក្រវាត់​ ៤​គ្រឿង​ដែល​​រូប​គេ​កំពុង​គ្រប់​គ្រង​គឺ ​ខ្សែ​ក្រវាត់ស្រាបៀរលីអូ ឆ្នាំ​២០១៤ នៅ PNN ខ្សែក្រវាត់ស្រាបៀរលីអូ ឆ្នាំ​២០១៦ នៅ CTN ខ្សែ​ក្រវាត់​អន្តរជាតិ គូបូតា ឆ្នាំ២០១៦ នៅបាយ័ន និងខ្សែ​ក្រវាត់ ISI Palm នៅ​សង្វៀន CTN

អត្ថបទដែលជាប់ទាក់ទង