ម្ដងនេះអាចនិងលើសពី ៥០០K ទៅទៀត! ព្រំ សំណាង បញ្ជាក់ច្បាស់ៗ អំពីមូលហេតុដែលឲ្យរូបគេត្រូវបង្ខំចិត្តជួប ដាវ លីឌុច នៅខែតុលា ខាងមុខនេះ

ក្រោយពីកីឡាករជាងកាត់សក់ដៃឯក ព្រំ សំណាង ប្រកាសជួបកីឡាករ ដាវ លីឌុច (Dave Leduc) នៅខែតុលា ខាងមុខនេះ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រកាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ មហាជនមានចម្ងល់ថា តើមានហេតុផលអ្វីដែលអាចឲ្យកំពូលអ្នកប្រដាល់កម្ពុជារូបនេះ ទទួលយកការប្រកួតពីស្តេចប្រដាល់ ភូមា?

កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ កីឡាករ ព្រំ សំណាង បានឲ្យដឹងថា បើមិនមានការប្រែប្រួលនោះទេរូបគេ និងជួបជាមួយ​​កីឡាករភូមាកាត់​កាណាដា ដាវ លីឌុច នៅខែតុលា ខាងមុខនេះ យ៉ាងពិតប្រាកដ ហើយស្ថានីយទូរទស្សន៍ថោននិងរៀបចំព្រឹត្តិការណ៍ប្រដាល់ដ៏ធំមួយនេះ។

ក្នុងនោះ ព្រំ សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ “បាទ​..! ខ្ញុំនិងជួបគាត់ [លីឌុច Leduc)] នៅក្នុងខែតុលា ខាងមុខ​ គាត់ជាកីឡាករល្អម្នាក់របស់ភូមា ដូច្នេះ ខ្ញុំមិនអាចប្រហែសបានទេ អាវុធគាត់ល្អ ទាំងបច្ចេកទេសប្រកួត កម្លាំងស៊ុហ្វ ពិសេសគាត់ដាល់ (ម៉ាត់) ច្បាស់ៗ ចំគោលដៅ និងមានទម្ងន់ ប៉ុន្តែក្នុងនោះ ខ្ញុំក៏បានមើលឃើញពីចំណុចខ្សោយរបស់គាត់ដែរ គឺជើងក្រោមរបស់គាត់ជ្រាយ និងកន្លែងមួយចំនួនទៀត ហើយខ្ញុំនិងវាយទៅកាន់កន្លែងទាំងនោះផងដែរ ខ្ញុំមានក្ដីសង្ឃឹមដល់ទៅ ៧០ភាគរយក្នុងការយកឈ្នះ ដាវ លីឌុច នាការប្រកួតខាងមុខនោះ”។

គួរបញ្ជាក់ថា ការប្រកាសជាផ្លូវការរបស់កីឡាករ ព្រំ សំណាង នៅពេលនេះ អាចចាត់ទុកថាជាព្រឹត្តិការណ៍ដ៏ធំទី២ បន្ទាប់ពីព្រឹត្តិការណ៍ប្រដាល់អាវតារគុនខ្មែរ ដែលទើបនិងបញ្ចប់ទៅជាមួយនឹងជោគជ័យភ្លូកទឹកភ្លូកដីកាលពីពេលថ្មីៗនេះ ដូច្នេះជំនួបរវាងស្តេចប្រដាល់ឡេតវេរ៍ភូមា និងកំពូលអ្នកប្រយុទ្ធគុនខ្មែររបស់ប្រទេសកម្ពុជា នៅពេលខាងមុខនេះ ច្បាស់ជាកក្រើកខ្លាំងមិនខាន ខណៈកីឡាករទាំងពីរឌឺដងគ្នាអស់រយៈពេលជិត ១ឆ្នាំមកហើយ៕

អត្ថបទដែលជាប់ទាក់ទង