លោក Ancelotti និយាយថា Real Madrid ពេញលេងហើយ នៅមុនរដូវកាលថ្មីនេះ។

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា លោកសប្បាយចិត្តនឹងការចុះហត្ថលេខាដែលធ្វើនៅរដូវក្ដៅនេះ ដោយអាចនាំយកកីឡាករដូចជា Jude Bellingham, Fran Garcia និង Arda Guler ខណៈដែល Joselu ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។

ក្នុងនោះខ្សែបម្រើ Brahim Diaz ក៏​បាន​ត្រលប់​មក​វិញបន្ទាប់ពី​ខ្ចី​ជើង​ទៅកាន់ក្លិប AC Milan យ៉ាងណាក្លិបនៅអេស៉្បាញមួយនេះក៏បានបាត់បង់តារាឆ្នើមរបស់ខ្លួនមាន Karim Benzema និង Marco Asensio ដែលបានចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងការផ្ទេរដោយឥតគិតថ្លៃ។

ចំពោះ Real Madrid ក៏កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain  ដើម្បីជំនួសដំណែង Benzema ប៉ុន្តែ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ណាមួយថា​តើ​ពួក​គេ​នឹង​អាច​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ ២៤ ឆ្នាំ​នៅ​រដូវ​ក្តៅ​នេះ​ឬ​យ៉ាង​ណា?

ទោះ​បី​ជា​បែប​នេះ​ក្ដីលោក Ancelotti ជឿជាក់​ថាក្រុម Real Madrid មាន​ទម្រង់​លេង​យ៉ាងល្អមុនរដូវកាលថ្មីមកដល់ ថ្លែង​បន្ទាប់​ពី​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាពដោយលទ្ធផល ២-០ ជាមួយ Manchester United នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា ដោយលោក​បាន​ប្រាប់សារព័ត៌មាន MadridUniversal ថា៖ “យើងមានក្រុមដែលមានគុណភាព រូបរាងកាយសម្បទាមាំមួន និងបច្ចេកទេសដ៏អស្ចារ្យ ក្រុមនេះគឺល្អណាស់ ហើយនឹងបានប្រសើរឡើងបន្ថែមទៀត យើងមានក្រុមដែលមិនមានភាពអាត្មានិយមហើយសាមញ្ញងាយស្រួលក្នុងការគ្រប់គ្រង”។

គួរបញ្ជាក់ថា Real Madrid នឹងចាប់ផ្ដើមការប្រកួតបើករដូវកាលថ្មីនៃលីគកំពូល La Liga ២០២៣/២៤ នៅថ្ងៃទី ១២ ខែសីហា ដោយប៉ះជាមួយក្រុមម្ចាស់ផ្ទះ Athletic Bilbao៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង