ចប់ហើយ! ពេលនេះ លោកគ្រូ ស៊ន អេលីត បានប្រកាសឈប់ទទួលយកកូនសិស្សទៀតហើយ (មានវិដេអូ)

ប្រធានក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស លោកគ្រូ ស៊ន អេលីត បានប្រកាសឈប់ទទួលយកកូនសិស្សទៀតហើយ បន្ទាប់ពីមានបងប្អូនជាច្រើនបានសុំចូលហ្វឹកហាត់នៅក្លិបរបស់ខ្លួន ខណៈលោកគ្រូក៏បាននិយាយបែបនេះថា៖ “តាមពិតទៅ ខ្ញុំចង់ទទួលកូនសិស្សបន្ថែមទៀតដែរ ប៉ុន្តែខ្ញុំជួបបញ្ហាលំបាកក្នុងការរកទីផ្សារឲ្យកីឡាករថ្មីៗប្រកួតមិនបាន រឿងសង្វៀនថ្នាលក៏ខ្ញុំចង់ផ្អាកឈប់ធ្វើដែរ ដោយសារខ្ញុំត្រូវចំណាយលុយខ្លួនឯង និងមានបញ្ហាប្រឈមជាច្រើន ប្រសិនបើកីឡាករទាំងអស់មានបញ្ហារបួសស្នាមទៀត គឺខ្ញុំកាន់តែពិបាក”។

ពិតណាស់ ការលើកឡើងរបស់លោកគ្រូ ស៊ន អេលីត ដូច្នេះ បន្ទាប់ពីវិស័យគុនខ្មែរហាក់មានសន្ទុះគាំទ្រខ្លាំងពីមហាជន និងមានបងប្អូនជាច្រើន ដែលស្រឡាញ់គុនខ្មែរបានសុំចូលហ្វឹកហាត់ក្នុងក្លិបរបស់លោកគ្រូជាបន្តបន្ទាប់ តែបើក្រឡែកមើលទៅទីផ្សារប្រកួតនៅក្រៅស្រុកនាពេលបច្ចុប្បន្ន ជាពិសេសការប្រកួតនៅប្រទេសថៃវិញ គឺភាគីខាងថៃបានបិទទីផ្សារក្នុងការនាំយកកីឡាករខ្មែរទៅប្រកួត បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងកីឡាស៊ីហ្គេម លើកទី៣២ នៅលើទឹកដីកម្ពុជា។

លោកគ្រូ ស៊ន អេលីត ក៏បានបញ្ជាក់បន្ថែមថា៖ “ពាក់ព័ន្ធជាមួយកម្មពិធីខ្មែរ-ថៃ យើងមានបញ្ហាដោយសារអ្នកគាំទ្រទាំងសងខាងប៉ះទង្គិចគ្នាបង្កទៅជាវិវាទ ដែលធ្វើឲ្យយើងពិបាកក្នុងការទៅប្រកួតនៅប្រទេសថៃ ខ្ញុំសង្ឃឹមថា នឹងមានការយោគយល់ ហើយស្វែងរកចំណុចកណ្ដាលណាមួយ ដើម្បីឲ្យកីឡាករខ្មែរអាចចូលសង្វៀនថៃបាន”៕

អត្ថបទដែលជាប់ទាក់ទង