លោកគ្រូ ស សី បានបង្កើតក្លិបប្រដាល់ពីអត់មានអីសោះ រហូតក្លាយជាថ្នាលដ៏សំខាន់សម្រាប់គុនខ្មែរ (មានវិដេអូ)

​ក្លិប (ស សី គុនខ្មែរ) ដែលលោកគ្រូ ស សី បានបង្កើតឡើង ក្លាយជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់មួយក្នុងការជួយជំរុញ និងអភិវឌ្ឍធនធានកីឡាករ កីឡាការិនី ប្រដាល់គុនខ្មែរ ខណៈលោកគ្រូ ស សី បានបង្កើតក្លិបនេះឡើងមក បន្ទាប់ពីបានឈប់ពីអាជីពប្រដាល់ នាពាក់កណ្តាលឆ្នាំ២០១៩ និងមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

យ៉ាងណាមិញថ្មីៗនេះ លោកគ្រូ ស សី បាននិយាយអំពីផលលំបាក់មួយចំនួនក្នុងការដឹកនាំក្លិបថា៖ “រឿងលំបាកក្នុងការរៀបចំក្លិបប្រដាល់ឲ្យមានកម្រិតស្តង់ដា គឺជារឿងម្យ៉ាងហើយ ប៉ុន្តែអ្វីដែលលំបាកទៀតនោះគឺការចាប់គូឲ្យកូនសិស្សឡើងប្រកួត លោកមានកូនសិស្សដែលអាចឡើងប្រកួតបានហើយ តែមិនសូវទទួលបានឱកាសឲ្យកូនសិស្សបានឡើងប្រកួតឡើយ”។

ពិតណាស់ លោកគ្រូពេលនេះកំពុង នាំកូនសិស្ស និងក្មេងៗ មួយចំនួនទៅហ្វឹកហាត់ជាបណ្តើរៗហើយ ក្រោយពីក្លិប ស សីគុនខ្មែរ អភិវឌ្ឍក្លាយជាក្លិបបង្ហាត់ប្រដាល់ផ្លូវការ ខណៈបានទទួលស្គាល់ ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីពេលកន្លងទៅនេះ ហើយក្នុងរយៈពេលប្រហែលជាពីរឆ្នាំចុងក្រោយនេះ កូនសិស្សរបស់លោកគ្រូ មួយចំនួនបានឡើងប្រកួតជាបន្តបន្ទាប់ និងមានកីឡាករមួយចំនួនទៀតមានសមត្ថភាពខ្លាំងៗថែមទៀត។

ជាក់ស្តែងដូចកីឡាករ ស ធារ៉ា ដែលជាកូនសិស្សរបស់លោក ស សី បានជាប់ជម្រើសជាតិគុនខ្មែរ និងបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយឥឡូវនេះ កីឡាការិនី ស វិច្ឆិកា មកពីខេត្តកំពង់ធំ ជាកូនសិស្សរបស់លោក ដែលកំពុងក្លាយជាកីឡាការិនីដ៏ល្អម្នាក់ដែរ ដោយបានឡើងប្រកួតឈ្នះកីឡាការិនីថៃ ជាបន្តបន្ទាប់។

គួរបញ្ចាក់ថា លោកគ្រូ ស សី បានប្រឡូកក្នុងអាជីពប្រដាល់អស់រយៈពេលប្រមាណ ២០ឆ្នាំ មុនពេលលោកឈប់ដោយសារអាយុច្រើន បន្ទាប់មកលោកបានធ្វើជាគ្រូបង្វឹកនៅក្លិប Cambodian Top Team ដែលមានលោក ហ៊ុន ចាន់រាជ ជាស្ថាបនិកក្លិប ហើយលោកក៏ធ្លាប់ហ្វឹកហាត់ជាមួយក្លិបលោកគ្រូ អេ ភូថង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង