ពិតជាមនុស្សល្អកម្រជួប! គេកក់ ២ម៉ឺនដុល្លារ ឮថាឈឺប្រគល់លុយវិញទាំងអស់… (មានវីដេអូ )


ជារឿងមួយដ៏កម្រ និងល្អខ្លាំងណាស់ បុរសជាម្ចាស់ផ្ទះម្នាក់បានបង្ហោះនៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្រគល់លុយកក់ចំនួន ២០០០០ ដុល្លារអាមេរិកជូនដល់អ្នកទិញផ្ទះរបស់ខ្លួនវិញ ក្រោយភាគីខាងអ្នកទិញប្រាប់ថា ឈឺ និងមិនមានលុយបង់បង្គ្រប់។

នេះជារឿងមួយថ្មី និងជាក្រុមគ្រួសារគំរូមួយផងដែរសម្រាប់ប្រជាជាតិកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋគោរពនូវព្រះពុទ្ធសាសនា ខណៈក្នុងសិល ៥ ចំនុចទី២ ចែងថា «ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា» ការប្រកាន់ភ្ជាប់នូវសិល រមែងនាំទៅរកសេចក្តីសុខក្សែមក្សាន្ត និងរ៉ុងរឿង ជាខ្លាំងមិនមែនចង់បានព្រោះលុយគេទាំងនោះធ្វើឲ្យមានបានអស់មួយជីវិតនោះទេ។

ជាការពិតណាស់ នៅក្នុងសំណេរម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវមិត្តភក្តិជិតស្និតចែករំលែកបន្តនោះបានឲ្យដឹងថា មានឈ្មោះ «K..hang V.n» លោកបានបង្ហោះកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយភ្ជាប់នូវរូបថតពីរសន្លឹក ស្តីពីការប្រគល់លុយកក់ថ្លៃទិញផ្ទះចំនួន ២០០០០ (ពីរម៉ឺនដុល្លារ) ភ្ចាប់ជាមួយវិក្កយបត្រ និងឯកសារទិញលក់ផ្ទះ ដោយជាប់រូបថតអ្នកទទួលលុយ ថតពាក់កណ្តាលខ្លួនម្នាក់ និងបានរៀបរាប់ថា៖ “ថ្ងៃនេះ ខ្ញុំបានធ្វើរឿងមួយ ខែមុនគេទិញផ្ទះខ្ញុំកក់ ២ម៉ឺនដុល្លារ បានមួយខែកន្លងមកគាត់ថា ឈឺ អត់មានលុយបង់បង្គ្រប់ ខ្ញុំក៏សម្រេចប្រគល់លុយ កក់ ២ម៉ឺនដុល្លារថ្លៃកក់ឲ្យគាត់វិញ នេះហើយជាគុណធម៌សម្រាប់ខ្ញុំ”។

នៅក្នុងសំណេរដដែលនេះ លោកក៏បានបញ្ជាក់ថា “បើមិនមិនមែនជាលុយត្រជាក់ត្រជុំ ដាច់ខាត់ខ្ញុំមិនចង់បានឡើយ អ្នកខ្លះគិតថាខ្ញុំល្ងង់ ខ្ញុំគិតថានេះជាគុណធម៌របស់មនុស្សល្អ។ ធ្វើល្អបានល្អ ថ្ងៃទី១១ ខែ៨ ឆ្នាំ២០២៣” តែគួរឲ្យស្តាយក្រោយលោកបង្ហោះសារនេះ មិនយូរប៉ុន្មានក៏បានលុបវិញភ្លាមៗដែរ ព្រោះមិនចង់បានភាពល្បីឈ្មោះ និងមិនចង់មានការរំខាននានាលើឯកជនភាព និងសិទ្ធិ នៃការរស់នៅរបស់លោក និងក្រុមគ្រួសារ។

យោងតាមប្រភពជិតស្និតនិងម្ចាស់ហ្វេសប៊ុកខាងលើនេះ លោក អូន គីមមុនី ដែលត្រូវជាមិត្តភក្តិនិងជាអ្នកចែករំលែកព័ត៌មានខាងលើនោះបានឲ្យដឹងថា រូបលោក និងហាំង បានស្គាល់គ្នាយូរឆ្នាំមកហើយ គាត់ជាមនុស្សល្អណាស់ ពីមុនក៏ធ្លាប់ជាអ្នកខ្វះខាតដែរ ប៉ុន្តែពេលនេះគាត់មានជីវភាពមធ្យម និងមានទីលំនៅនៅខាងច្បារអំពៅ។ ជាមួយគ្នានេះដែរលោក មុនី ក៏បានផ្ញើសំឡេងឆាតជាមួយលោក ហាំង មកឲ្យក្រុមការងារ Media 365 Daily ស្តាប់ផ្ទាល់ដែរ ដោយម្ចាស់សាមីខ្លួនថា មិនចង់បានការល្បីឈ្មោះអ្វីឡើយ សូមមិនបង្ហាញទេ។

គូររំឭកថា ដោយអំពើនេះវាជាសេចក្ដីល្អ និងមានគុណធម៌ខ្ពស់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល និងចង់ឃើញប្រជាពរដ្ឋដទៃទៀត ចាត់ទុកបរុសខាងលើ និងក្រុមគ្រយសារលោកជាមនុស្សល្អ ជាគ្រួសារគំរូនោះ ចេះយកអារសាដល់អ្នកជួបទុក្ខលំបាក និងមានភាពសុច្ចរិត ចំពោះការរស់នៅក្នុងសង្គមជាតិនោះ ក្រុមការងារ Media 365 Daily សូមបង្ហាញត្រឹមអត្តសញ្ញាញឲ្យមហាជនបានស្គាល់ តែសូមរក្សាសិទ្ធិចំពោះសាមីខ្លួន មិនបង្ហាញទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ទេ លើកលែងតែមានការអនុញ្ញាតពីសាមីខ្លួនមកកាន់ក្រុមការងារសារជាថ្មីផងដែរ ៕

 

 

អត្ថបទដែលជាប់ទាក់ទង