ដល់ពេលហើយ ល្ងាចនេះម៉ោង ៦ ផល សោភ័ណ្ឌ នឹងត្រូវប្រកួតជាមួយ Nabati នៅរុស្ស៊ី
ជើងខ្លាំងគុនខ្មែរ ផល សោភ័ណ្ឌ នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Kamran Nabati ចាប់ពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅកម្មវិធី RCC Fair Fight 22 នៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ពិតណាស់ ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ មានបទពិសោធច្រើនសម្រាប់ការប្រកួតនៅក្នុងប្រទេស និងកំពុងគ្រប់គ្រងខ្សែក្រវាត់រហូតដល់ទៅ ៥គ្រឿង ប៉ុន្តែរូបគេមិនសូវបានចេញទៅប្រកួតនៅក្រៅប្រទេសច្រើនទេ ដោយការប្រកួតនៅក្រៅប្រទេសចុងក្រោយរបស់ ផល សោភ័ណ្ឌ គឺចាញ់កីឡាករថៃ Saenchai ក្នុងទឹកទី ១កាលពីឆ្នាំ២០១៥។
យ៉ាងណាមិញ កីឡាករ Kamran Nabati ជាជើងខ្លាំងឃីកបុកស៊ីងរបស់ប្រទេសរុស្ស៊ីម្នាក់ ដែលមានចំណាត់ថ្នាក់លេខ១០ ក្នុងពិភពលោកសម្រាប់ប្រភេទទម្ងន់ Super Featherweight គិតត្រឹមខែសីហា ឆ្នាំ២០២៣ ហើយរូបគេក៏មិនទាន់ស្គាល់បរាជ័យឡើយ ក្នុងចំណោមការប្រកួតឃីកបុកស៊ីងអាជីពចំនួន ១៧លើកចុងក្រោយ ក្នុងនោះរូបគេក៏ផ្តួលដៃគូឲ្យសន្លប់ ៦លើកផងដែរ តែបើយើងគិតសរុបទាំងការប្រកួតលក្ខណៈស្ម័គ្រចិត្ត Nabati មានប្រវត្តិប្រកួតមិនក្រោម ៥០លើកឡើយ គិតចាប់តាំងពីការប្រកួតតាំងពីឆ្នាំ២០១០ មក ដោយបច្ចុប្បន្ន រូបគេកំពុងកាន់ខ្សែក្រវាត់ប្រចាំសង្វៀន RCC Fair Fight កាលពីខែមិថុនា ឆ្នាំ២០២៣ នេះ ហើយរូបគេក៏បានឡើងការពារខ្សែក្រវាត់របស់ខ្លួនបានជោគជ័យ ដោយពិន្ទុលើកីឡាករចិន Gaofen Meng ។
គួរបញ្ជាក់ផងដែរថា ជើងខ្លាំងរុស្ស៊ី Kamran Nabati ធ្លាប់ផ្តួលកីឡាករថៃ Sue Black ឲ្យសន្លប់ក្នុងទឹកទី ១កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែកីឡាករថៃ Sue Black នេះ ធ្លាប់ឈ្នះពិន្ទុ ផល សោភ័ណ្ឌ កាលពីឆ្នាំ២០២២ នៅសង្វៀនថោន ដូច្នេះអ្នកលេងគុនខ្មែរ បានជួបរបស់ពិតហើយនៅម៉ោង ៦ល្ងាចនេះ៕