ឪពុក ឈុត សេរីវ៉ាន់ថង ថា វ៉ាន់ថង នៅតែល្អ ពេលមកសង្វៀននៅខែក្រោយវិញ
អ្នកលេងវ៉ៃក្បាច់ ឬបងប្អូនហៅថាវ៉ៃ IQ ឈុត សេរីវ៉ាន់ថង នឹងវិលត្រឡប់មកកាន់សង្វៀនវិញនាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះហើយ បន្ទាប់ពីបាត់មុខពីសង្វៀនរយៈពេលប្រមាណជាង ២ខែកន្លងមកនេះ ខណៈលោក ឈុត សេរី ជាឪពុកបាននិយាយថា កូនប្រុសរបស់លោកនឹងនៅតែល្អដូចមុនចឹង។
លោក ឈុត សេរី ដែលជាឪពុកបង្កើត និងជាគ្រូបង្វឹករបស់ ឈុត សេរីវ៉ាន់ថង បានឲ្យដឹងថា៖ “គ្មានអ្វីប៉ះពាល់ដល់សមត្ថភាពរបស់ សេរីវ៉ាន់់ថងឡើយ បើទោះបីជាខកខានឡើងប្រកួតមួយរយៈពេលកន្លងទៅនេះ ពីព្រោះរូបគេនៅតែបន្តហ្វឹកហាត់ជាប្រចាំ”។
លោក ឈុត សេរី បានបន្តទៀតថា៖ “តាមមតិរបស់ខ្ញុំសម្រាប់កីឡាករកម្រិតវ៉ៃ និងលំដាប់ប្រហែល សេរីវ៉ាន់ថង ការខកខានប្រកួតត្រឹមរយៈពេល ២ ទៅ ៣ខែនេះ មិនមានជាបញ្ហាចោទអ្វីទេ ឲ្យតែកីឡាករខំហ្វឹកហាត់ ប៉ុន្តែបើខកខានការប្រកួតរយៈពេល ១ឆ្នាំ ទើបអាចមានផលប៉ះពាល់ខ្លាំង ហើយចំពោះ សេរីវ៉ាន់ថង នៅតែបន្តការហ្វឹកហាត់ធម្មតា ប៉ុន្តែរូបគេខកខានហ្វឹកហាត់នៅពេល ដែលប្រពន្ធសម្រាលកូន ក្រោយពីមានឈ្នោះប្រកួត នៅថ្ងៃទី១០ ខាងមុខនេះ សេរីវ៉ាន់ថង បានបង្កើនការវឹកហ្វាក់ហាត់បន្ថែមទៀត ដើម្បីតៀមការប្រកួតនោះ”។
គួរបញ្ជាក់ផងដែរថា ឈុត សេរីវ៉ាន់ថង បានបាត់មុខពីសង្វៀនប្រកួតអស់រយៈពេលជាង ២ខែមកហើយ ពោលគឺចាប់តាំងពីខែ មិថុនា ក្រោយពីយកឈ្នះកីឡាករ អេលីត សាន់ និងក្លាយជាម្ចាស់ខ្សែក្រវាត់ Kun Khmer NNP មកម្លេះ៕