លោក Ancelotti បង្ហើបថា Bellingham អាចជំនួស Benzema បាន

គ្រូបង្វឹកលោក Carlo Ancelotti បានលើកសរសើរខ្សែបម្រើ Jude Bellingham ហើយបានអះអាងថា ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ អាចទទួលបានភារកិច្ចជំនួសខ្សែប្រយុទ្ធ Karim Benzema ។

ទើបតែបង្ហាញខ្លួនបានពីរប្រកួត Bellingham ធ្វើព្យុះធ្វើភ្លៀងជាខ្លាំងនៅលីគកំពូល La Liga ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់សម្រាប់ក្រុមស្ដេចសរ យ៉ាងណាបច្ចុប្បន្ននេះ Real Madrid មិនទាន់ចុះហត្ថលេខាលើកីឡាកររូបណាដើម្បីជំនួស Benzema ឡើយបន្ទាប់ពីរូបគេបានចាកចេញទៅចូលរួមជាមួយក្រុម Al-Ittihad នៅអារ៉ាប៊ីសាអូឌីត។

តាមសំដីរបស់លោក Ancelotti បានលើកឡើងថា៖ “យើងជឿថាការមកដល់របស់ Bellingham អាចនឹងជំនួស ការអវត្តមានរបស់ Benzema រូបគេគឺជាក្មេងប្រុសដ៏ចាស់ទុំម្នាក់ដែលមានគុណភាពខ្ពស់ អ្វីដែលគេកំពុងធ្វើមិនគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដែលស្គាល់គេនោះទេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Bellingham មានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ”។

គួរបញ្ជាក់ថា Jude Bellingham បានចុះហត្ថលេខាជាមួយក្លិប Real Madrid នៅថ្ងៃទី ១៤ ខែមិថុនាក្នុងតម្លៃ ១០៣ លានអឺរ៉ូពីក្លិប Borussia Dortmund ៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង