ក្រុមជម្រើសជាតិបាល់ទះ ជប៉ុន និងក្រុមជម្រើសជាតិបាល់ទះ អ៊ីរ៉ង់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេនៃជើងឯកអាស៊ី

ក្រុម​បាល់ទះ​ជម្រើសជាតិ​ ជប៉ុន និង​ម្ចាស់​ផ្ទះ អ៊ីរ៉ង់ បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មុន​គេ​ក្នុង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី ឆ្នាំ​២០២៣ បន្ទាប់​ពី​គ្មាន​ដៃ​គូ​ប្រកួត​នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ ហើយការ​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី ឆ្នាំ​២០២៣ នេះ ​​​​មាន​ក្រុម​ដែល​ជាប់​វគ្គ​ជម្រុះ​ចំនួន​ ២១ ប៉ុន្តែ​នៅ​សល់​តែ​​ ១៧​ក្រុមប៉ុណ្ណោះ​​ បាន​ចូល​រួម​ប្រកួត ពី​ព្រោះ អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌីត ស្រីលង្កា និង​ម៉ុងហ្គោលី បាន​ដក​ខ្លួន។

ពិតណាស់ ការ​បែង​ចែក​ពូល​ខ្លះ​មាន ​៣​ក្រុម ហើយ​ពូល​ខ្លះ​មាន​​ ២​ក្រុម​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ទាំង​ ៦​ត្រូវ​ជ្រើស​រើស​យក​ក្រុម​លេខ១ និង​លេខ​២​ ឡើងទៅ​វគ្គ​បន្ត ដោយការ​ជ្រើស​រើស​យកក្រុម​លេខ១ និង​លេខ​២ ពី​ពូល​ទាំង​៦ ដូច្នេះ​មាន​ ១២​ក្រុមឡើង​វគ្គ​បន្ត​ ដើម្បី​ប្រកួត​ឡើង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ ដោយបែប​នេះ​ហើយ​បាន​ជា​ក្រុម​ម្ចាស់​ផ្ទះ​ អ៊ីរ៉ង់ និង ជប៉ុន បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មុន​គេ ​ដោយសារ​មិនចាំ​បាច់​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ អ៊ីរ៉ង់ ឈ្នះ​ ប៉ាគីស្ថាន ៣-០ ហើយ​ ជប៉ុន ឈ្នះ​ បារ៉ែន ៣-០ នៅ​វគ្គ​ ១២​ក្រុម​ចុងក្រោយ។

យ៉ាងណាមិញ ថៃ បានចាញ់ កាតា ៣-០ នៅ​វគ្គ ១២​ក្រុម​ចុង​ក្រោយ ខណៈ​ ចិន​ បានឈ្នះ​ ឥណ្ឌា ទាំង​លំបាក ៣-២ នៅ​វគ្គ​ ១២​ក្រុម​ចុង​ក្រោយ​ដែរ ដោយ​ឡែក ​កូរ៉េ​ខាង​ត្បូង ​ក៏​បានឡើង​ទៅវគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ដែរ ក្រោយឈ្នះ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឥណ្ឌូណេស៊ី យ៉ាង​តឹង​តែង ៣-២។

គួរបញ្ជាក់ផងដែរថា ការ​ប្រកួតវគ្គ ​៨​ក្រុម​ចុង​ក្រោយ នឹងធ្វើឡើងនៅថ្ងៃ​ទី​ ២៤ ខែ​សីហា​ ឆ្នាំ២០២៣ នេះ ដោយ ចិន ត្រូវប៉ះ កូរ៉េខាង​ត្បូង សម្រាប់​ក្រុម​ឈ្នះ​ បន្ត​ទៅ​ជួប អ៊ីរ៉ង់ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ ឆាយនីសតៃប៊ិ ត្រូវប៉ះ កាតា ហើយសម្រាប់​ក្រុមដែល​​ឈ្នះ​ នឹងបន្ត​ទៅ​ជួប ជប៉ុន វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង