ពេលនេះ ជើងឯកបាល់ទះអាស៊ី បានរកឃើញ ៤ក្រុមហើយ ដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតបាល់ទះជើងឯកអាស៊ី​ឆ្នាំ ​២០២៣​ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ហើយ ​ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមម្ចាស់​ផ្ទះ​អ៊ីរ៉ង់ ត្រូវជួបជាមួយ​ ចិន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយក្រុមទាំង ២ នេះមានប្រវត្តិជួបគ្នាសរុប ២៤លើក ក្នុងនោះ អ៊ីរ៉ង់ ធ្លាប់​ឈ្នះ ២០លើក ខណៈ ​ចិន ធ្លាប់​ឈ្នះតែ​​ ៤លើក​ប៉ុណ្ណោះ។

ពិតណាស់ កាលពីឆ្នាំ ២០១១ ក្រុមទាំង ២ ​បានជួបគ្នានៅ​វគ្គផ្តាច់ព្រ័ត្រ​​ ​ជើងឯកអាស៊ី​ នេះ​ ដែល​ពេល​នោះ​ អ៊ីរ៉ង់ បានយកឈ្នះ​ ចិន ក្នុង​លទ្ធផល ៣-១ ដើម្បី​​​ក្លាយជា​ជើងឯក ដោយក្រុមទាំង ២ សុទ្ធតែធ្លាប់គ្រង​ជើងឯកអាស៊ី ដូចគ្នា ​គឺ​​ក្រុមបាល់ទះ អ៊ីរ៉ង់​​ ធ្លាប់​ឈ្នះ​ជើងឯកអាស៊ី ៤សម័យកាល ចំណែកក្រុមបាល់ទះជម្រើសជាតិ ចិន ឈ្នះជើងឯកអាស៊ីបាន ៣ សម័យកាល។

យ៉ាងណាមិញ សម្រាប់ជំនួបក្នុងវគ្គពាក់កណ្តាលព្រ័ត្រ​មួយគូទៀត គឺក្រុមខ្លាំង​ ជប៉ុន ត្រូវប៉ះក្រុមខ្លាំង ​កាតា ដោយក្រុម​បាល់ទះ​ កាតា មិនសូវលេច​ធ្លោប៉ុន្មាន​នោះទេ ​ក្នុង​រង្វាន់បាល់ទះអាស៊ី ប៉ុន្តែ​ប្រវត្តិល្អបំផុតរបស់ពួកគេ គឺបានត្រឹមចំណាត់ថ្នាក់លេខ ៤ ម្តងគត់​កាល​ពី​ឆ្នាំ ២០១៥ ចំណែក ជប៉ុន វិញ គឺជាក្រុមខ្លាំងក្នុងតំបន់អាស៊ី ហើយក៏ជាម្ចាស់​ជើង​ឯក​អាស៊ី ៩សម័យកាលផងដែរ ហើយក្រុមទាំង២ មានប្រវត្តិជួបគ្នា​ ៧លើក ក្នុងនោះក្រុមបាល់ទះ ជប៉ុន ឈ្នះ ៤លើក និងក្រុមបាល់ទះ កាតា ឈ្នះ ៣លើក។

គួរបញ្ជាក់ផងដែរថា ការ​ប្រកួតនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃពានរង្វាន់បាល់ទះជើងឯកអាស៊ី​ ឆ្នាំ ​២០២៣ គេនឹងធ្វើឡើង នៅថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ២០២៣ នេះហើយ ដោយក្រុមបាល់ទះ អ៊ីរ៉ង់ ត្រូវប៉ះក្រុមបាល់ទះ ចិន និងក្រុមបាល់ទះ ជប៉ុន ត្រូវតទល់ជាមួយក្រុមបាល់ទះ កាតា៕

អត្ថបទដែលជាប់ទាក់ទង