អបអរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជាប់​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ជំនួសឯកឧត្ដមបណ្ឌិត នេត សាវឿន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវ​បាន​សន្និបាត​វិសាមញ្ញ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា អាណត្តិទី៧ ជ្រើសរើស​ឲ្យកាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​នេះ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋានព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

ពិតណាស់ នេះ​បេសកកម្ម​ថ្មី​របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្រប​ពេល​ដែល​អាណត្តិ​មុនៗ កាន់​តំណែង​ជា​អនុ​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា ដែល​មាន​​​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ជា​​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា ហើយកន្លង​ទៅ​សហព័ន្ធ​បាល់ទះ​កម្ពុជា ជា​ផ្នែក​មួយ​របស់​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​ទី​៣២​ ដោយ​ជោគជ័យ​អំឡុង​ ខែ​ឧសភា ឆ្នាំ២០២៣ កន្លង​ទៅ ស្រប​ពេល​ដែល​ក្រុម​បាល់​ទះ​បុរស​ក្នុង​សាល​កម្ពុជា បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្នះ​មេដាយ​ប្រាក់ ខណៈ​កាល​ពី​ស៊ីហ្គេម​នៅ​ហាណូយ ប្រទេសវៀតណាម ឆ្នាំ​២០២១ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ស សុខា បានតាំង​ចិត្ត​ថា ​នឹង​បន្ត​​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​និង​ចូល​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​អាជ្ញាកណ្ដាល មន្រ្តី​បច្ចេកទេស យុវជន​ថ្នាល ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ក្នុង​ស្រុក និង​បញ្ជូន​ក្រុម​កីឡា​ចេញ​ទៅ​ដណ្តើម​មេដាយ​ និង​ពានរង្វាន់​ជូន​ជាតិ​មាតុភូមិ ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង